អភិបាលខេត្តស្វាយរៀង ផ្សព្វផ្សាយប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្ត
19-08-2026 16:18
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ជូនទៅដល់តំបន់សេដ្ឋកិច្ចពិសេស រោងចក្រសហគ្រាសនានាក្នុងខេត្ត ដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំអគារសន្និបាត និងអាពាហ៍ពិពាហ៍ សួនទឹកគជ់ស្វាយព្រៃ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក អស់លោក លោកស្រី តំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្ត សរុបវត្តមានប្រមាណ៤០០នាក់។
អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះវត្តមាន លោក លោកស្រី កងកម្លាំង និងគ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសលោក លោកស្រីជាតំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្ត ដែលបានឆ្លៀតពេលវេលាអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដែលជាការសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការចូលរួមសហការពង្រឹង និងលើកកម្ពស់នូវការអនុវត្តវិធានការសុវត្ថិភាព និងការបង្ការពីហានិភ័យនានាដែលអាចបង្កឡើងដោយគ្រោះថ្នាក់អគ្គិភ័យ នៅតាមបណ្តារោងចក្រ សហគ្រាស។ ទន្ទឹមនេះ អរគុណចំពោះសភាពាណិជ្ជកម្មខេត្ត ដែលបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងមានការគាំទ្រពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរៀបចំពិធីផ្សព្វផ្សាយស្ដីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យឡើងនៅពេលនេះ។
លោកបញ្ជាក់ទៀតថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើងនៅកន្លែងធ្វើការរោងចក្រ សហគ្រាស ចាំបាច់ណាស់ បន្ថែមពីលើការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ត្រូវមានការវាយតម្លៃហានិភ័យដែលអាចកើតឡើង ដោយអគ្គិភ័យ ព្រមជាមួយការរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ តាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ដូចជាអ្វីដែលបានធ្វើបទបង្ហាញនៅក្នុងពិធីនេះ។
លោកបន្ថែមថា តាមរយៈកម្មវិធីផ្សព្វផ្សាយស្ដីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដែលបានរៀបចំនៅថ្ងៃនេះ នឹងផ្តល់នូវធាតុចូលថ្មីបន្ថែមជួយពង្រឹងកិច្ចការនេះ នៅតាមរោងចក្រ សហគ្រាស របស់អស់លោក លោកស្រី បានកាន់តែល្អប្រសើរ និងប្រកបដោយសុវត្ថិភាពថែមទៀត និងស្នើដល់លោក លោកស្រីជាម្ចាស់រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវចាត់តាំងឲ្យមានការត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យរួចហើយ ត្រូវពិនិត្យ កែលម្អ ពង្រឹង និងធ្វើបច្ចុប្បន្នភាពឲ្យបានកាន់តែល្អ និងកាន់តែត្រឹមត្រូវ និងរោងចក្រ សហគ្រាសដែលមិនទាន់បានរៀបចំ ត្រូវតែចាត់ចែងរៀបចំឲ្យមានប្រព័ន្ធសុវត្ថិភាពនេះជាចាំបាច់។
ទន្ទឹមនេះ ក៏សូមឲ្យអាជ្ញាធរ មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញរបស់យើងផ្តល់ការគាំទ្របន្ថែមលើផ្នែកបច្ចេកទេសដល់បណ្តារោងចក្រសហគ្រាសទាំងអស់ក្នុងករណីចាំបាច់ ដើម្បីពង្រឹងកិច្ចការងារបង្ការ អគ្គិភ័យនេះឲ្យកាន់តែល្អប្រសើរ និងជោគជ័យបន្តទៀត៕























