វេទិកាសម្ព័ន្ធសង្គមស៊ីវិលលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលដើម្បីកសាងសង្គមឌីជីថល និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍
19-08-2026 16:12
(បាត់ដំបង)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។
អង្គវេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលនិងមន្ទីរជំនាញ រួមទាំងរដ្ឋបាលក្រុង-ស្រុកជាច្រើននាក់មកពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
ថ្លែងក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គការសង្គមស៊ីវិលក្នុងខេត្តទាំង៣ ជាមួយអាជ្ញាធរមូលដ្ឋាននៃខេត្តនីមួយៗ ក្នុងការជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅថ្នាក់មូលដ្ឋានប្រកបដោយបរិយាបន្ន។
ឆ្លៀតក្នុងឱកាសនេះ លោកបានលើកទឹកចិត្តឱ្យយុវជនពង្រឹងសមត្ថភាពតាមរយៈការចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសក្នុងខេត្តនីមួយៗ ដើម្បីទទួលបានឱកាសការងារនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនិងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាងនេះទៀត លោកអគ្គលេខាធិការក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិល បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងប្រសិទ្ធភាព ការងាររបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងជំរុញបរិវត្តកម្មឌីជីថល និងការកសាងសង្គមឌីជីថល ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន ក៏ដូចជាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍ផងដែរ។
ក្នុងឱកាសនេះដែរ លោក យឹម សៀប បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអភិវឌ្ឍលើគ្រប់វិស័យ ដោយឈលើមូលដ្ឋានសុខសន្តិភាព សុវត្ថិភាព និងនិរន្តរភាព។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដោយស្មោះត្រង់និងមានតម្លាភាព និងត្រូវអនុវត្តតួនាទីនិងភារកិច្ចស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋ និងជំរុញវឌ្ឍនភាពសង្គមប្រកបដោយបរិយាបន្ន។
សូមជម្រាបជូនថា ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិលឱ្យបានឈ្វេងយល់អំពីបរិវត្តកម្មឌីជីថល និងការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ វ.ស.ស. បានរៀបចំឱ្យមានបទបង្ហាញក្រោមប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដែលបានធ្វើបទបង្ហាញដោយលោក ហ៊ាង សុបញ្ញា អ្នកជំនាញមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាផងដែរ៕

























