FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ករណីកាប់ជនរងគ្រោះស្លាប់ នៅខេត្តព្រៃវែង មិនមែនដោយសារការហៅផឹកស្រាទេ, កើតចេញពីទំនាស់ព្រំដី

19-08-2026 15:51

(ព្រៃវែង)៖ ដោយសារទំនាស់ព្រំដី ជនរងគ្រោះបានដើរទៅជេរប្រមាថ ស្រាប់តែជនល្មើស ដែលជាប្អូនថ្លៃកំពុងស្រវឹងស្រា ក៏ស្ទុះទាញកាំបិតខ្វេវ ហក់មកកាប់ចិញ្ច្រាំជាច្រើនកាំបិត ស្ទើរដាច់ក បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង។

ករណីអំពើឃាតកម្មនេះ បាន​កើតឡើង​ត្រង់ចំណុច​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង ៨៖៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ២០២៦។

ព័ត៌មានបឋម ដោយយោងប្រភពពីអាវុធហត្ថ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ អះអាងថា ករណីនេះជារឿងមិត្តភក្តិហៅផឹកស្រា តែគ្មានស្រាផឹកបណ្តាលឲ្យខឹង និងយកកាំបិទកាប់សម្លាប់តែម្តង។

ប៉ុន្តែយោងតាមរបាយការណ៍នគរបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ជន​រង​គ្រោះ​ឈ្មោះ អ៉ី អ៊​ន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ ឃុំ កើតហេតុ​ (ស្លាប់នៅកន្លែង)។ រីឯជនដៃដល់ឈ្មោះ ជៀន សុខា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​គក ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង (ឃាត់ខ្លួន)។

មូលហេតុនៃអំពើឃាតកម្មមួយនេះ គឺផ្ដើមចេញទំនាស់ព្រំដីនៅជាប់គ្នា ប៉ុន្តែជនដៃដល់ជាប្អូនថ្លៃរបស់ភាគីទំនាស់។ នៅមុនពេលកើតហេតុ ភាគីដែលមានទំនាស់ព្រំដីជាមួយជនរងគ្រោះ បានហៅឈ្មោះ ជៀន សុខា (ជនដៃដល់) និងជាងសំណង់ ចំនួន ៤នាក់ទៀត ឱ្យសាងសង់របងថ្ម។

ក្នុងនោះ ក៏មានការសង់របងជាបន្តបន្ទាប់ រហូតដល់ថ្ងៃកើតហេតុពេលល្ងាច ជាងផ្សេងទៀត បានសម្រាកពីការងារ និងទៅផ្ទះពួកគេអស់។ ចំណែកជនដៃដល់ឈ្មោះ ជៀន សុខា ពុំទាន់ទៅផ្ទះទេ ដោយនៅផឹកស្រាកន្លែងធ្វើការ ព្រោះម្ចាស់ផ្ទះត្រូវជាបងថ្លៃរបស់ខ្លួន។

លុះដល់ពេលកើតហេតុ ស្រាប់តែលេចមុខជនរងគ្រោះ ដែលជាមនុស្សវិកលចរិកផងនោះ បានដើរមកជេរប្រមាថ លើម្ចាស់ផ្ទះ ដែលកំពុងធ្វើរបង បង្កជាជម្លោះសាជាថ្មី។ ដោយទប់ចិត្តមិនបាន ភ្លាមនោះជនដៃដល់ ក៏ស្ទុះទាញកាំបិតខ្វេវ មកកាប់ជនរងគ្រោះឈ្មោះ អ៉ី អ៊​ន់ ជាច្រើនកាំបិតស្ទើរដាច់ក បណ្ដាលឱ្យស្លាប់នៅកន្លែងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុក​កញ្ជ្រៀច បានចុះទៅឃាត់ខ្លួនជនដៃដល់ ដើម្បីចាត់ការតាមនីតិវិធី៕