អភិបាលខេត្តព្រៃវែង៖ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងខេត្ត
19-08-2026 15:36
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងខេត្ត។
ការថ្លែងលើកឡើងបែបនេះរបស់លោកអភិបាលខេត្តព្រៃវែងបានធ្វើឡើង នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រៃវែង។ កិច្ចប្រជុំនេះចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត នាយទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានសាខាមូលនិធិជំនួយសង្គមខេត្ត ប្រធានសាខាបេឡាជាតិសន្តិសុខសង្គមខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។
លោកបានបន្តថា ការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន នេះគឺត្រូវរៀបចំគណៈកម្មការតាមរចនាសម្ព័ន្ធទៅតាមផ្នែកនីមួយៗធ្វើយ៉ាងណាដើម្បីធានាដល់ការអនុវត្តកិច្ចការងារនេះទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ កិច្ចប្រជុំនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំខេត្តព្រៃវែង ក្នុងការតបស្នងគុណូបការៈដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ត និងឈាមស្រស់ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ៕


















