FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាល់ទាត់មិត្តភាពសប្បុរសធម៌រវាង ស.ស.យ.ក.អលស្តារ និងក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្ដាល ទទួលបានថវិកាជាង ៤០០លានរៀល សម្រាប់ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ

19-08-2026 15:26

(កណ្ដាល)៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រកួតកីឡាមិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ ស.ស.យ.ក.អលស្តារ ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ថ្នាក់ដឹកនាំខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋខេត្តកណ្ដាល យ៉ាងច្រើនកុះករ នៅឯកីឡដ្ឋានខេត្តកណ្ដាល។

ជាកិច្ចចាប់ផ្ដើម លោក គួច ចំរើន បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាមិត្តភាពសប្បុរសធម៌នាពេលនេះ គឺចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។

កិច្ចបន្ទាប់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានសហការគាំទ្រ រៀបចំការប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌នេះឡើង។

លោកបានគូសរំលេចថា ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

លើសពីនេះទៅទៀត លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងវីរជនកងទ័ពជួរមុខ តាមរយៈការចូលរួមចំណែកគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី។

បាល់ទាត់សប្បុរសធម៌នេះ ទទួលបានទស្សនិកជនជាង១ពាន់នាក់មកទស្សនា ក្នុងនោះបងប្អូនខ្មែរឥស្លាមជាង៣០០នាក់ ហ៊ោរកញ្ជ្រៀវសប្បាយរីករាយ គោះស្គរលាន់រំពង កក្រើកក្រុងតាខ្មៅ ដែលបង្ហាញពីតម្លៃនៃសន្តិភាព គាស់ទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋ ឲ្យចេះជួយគ្នា ស្រឡាញ់គ្នា ពិសេសគឺពលរដ្ឋដែលកំពុងភៀសសឹកនៅតាមព្រំដែន ដែលរងគ្រោះដោយសារការឈ្លានពានទឹកដីកម្ពុជាយើង៕