FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្វាយរៀង ជំរុញការគាំទ្របច្ចេកទេសដល់រោងចក្រសហគ្រាស ដើម្បីពង្រឹងការងារបង្ការអគ្គិភ័យ

19-08-2026 15:20

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងជំរុញដល់អាជ្ញាធរ មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញ ឲ្យផ្តល់ការគាំទ្របន្ថែមលើផ្នែកបច្ចេកទេសដល់បណ្តារោងចក្រសហគ្រាសទាំងអស់ក្នុងករណីចាំបាច់ ដើម្បីពង្រឹងកិច្ចការងារបង្ការអគ្គិភ័យឲ្យកាន់តែល្អប្រសើរ និងជោគជ័យបន្តទៀត។

ការថ្លែងជំរុញនេះបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ជូនដល់តំបន់សេដ្ឋកិច្ចពិសេស រោងចក្រសហគ្រាសនានាក្នុងខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតំណាងរោងចក្រ សហគ្រាសប្រមាណ ៤០០នាក់ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមសហការពង្រឹង និងលើកកម្ពស់វិធានការសុវត្ថិភាព និងការបង្ការពីហានិភ័យនានាដែលអាចបង្កឡើងដោយគ្រោះថ្នាក់អគ្គិភ័យ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មខេត្ត ដែលបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងមានការគាំទ្រពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការរៀបចំកម្មវិធីនេះឡើង។

លោក ប៉េង ពោធិ៍សា បានសង្កត់ធ្ងន់ថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យនៅតាមរោងចក្រ សហគ្រាស ចាំបាច់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ វាយតម្លៃហានិភ័យ និងរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យតាមបទដ្ឋាន បច្ចេកទេស ឲ្យបានត្រឹមត្រូវ។ លោកបានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ដូចជាបំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ កណ្ដឹងប្រកាសអាសន្ន និងឧបករណ៍ចាប់ផ្សែងជាដើម។ លើសពីនេះ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុចម្បងនៃអគ្គិភ័យ។

លោកបានបន្ថែមថា ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលបានរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យរួចហើយ ត្រូវពិនិត្យ កែលម្អ ពង្រឹង និងធ្វើបច្ចុប្បន្នភាពឲ្យបានល្អប្រសើរ ចំណែករោងចក្រ សហគ្រាសដែលមិនទាន់បានរៀបចំ ត្រូវតែចាត់ចែងរៀបចំឲ្យមានប្រព័ន្ធសុវត្ថិភាពនេះជាចាំបាច់ ដើម្បីធានាសុវត្ថិភាពការងារ និងកាត់បន្ថយហានិភ័យនានា៕