សិស្សានុសិស្សចំនួន ៨០រូប មកពីវិទ្យាល័យចំនួន៤ នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា
19-08-2026 15:00
(សៀមរាប)៖ សិស្សានុសិស្សចំនួន ៨០រូប នៅស្រុកជីក្រែង រួមមាន៖ វិទ្យាល័យកំពង់ក្ដី, វិទ្យាល័យ ហ៊ុន សែន ពង្រលើ, វិទ្យាល័យសម្ព័ន្ធភាព និងវិទ្យាល័យព្រះធាតុ ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ដែលពិធីបំពាក់ និងបណ្ដុះបណ្ដាលមូលដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោក គុជ លីណា មានប្រសាសន៍ថា ក្មួយៗសមាជិកយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប សុទ្ធតែបានចូលរួមដោយ ស្ម័គ្រចិត្តរាល់សកម្មភាពក្នុងគ្រឹះស្ថានសិក្សា សហគមន៍ ក៏ដូចជាសកម្មភាពមនុស្សធម៌ ទាំងការចូលរួមឆ្លើយតបគ្រោះមហន្តរាយ អប់រំសុខភាពការពារជំងឺឆ្លង មានអប់រំពីជំងឺអេដស៍ កូវីដ១៩ គ្រុនឈាម ពីគ្រោះថ្នាក់នៃគ្រឿងញៀន រួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្អាតបរិស្ថាន ដែលជាប្រយោជន៍ដល់សង្គម ជាពិសេស យុវជនយើងបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំសម្ភារ ស្បៀងអាហារ ជូនពលរដ្ឋភៀសសឹកផងដែរ។
លោកបានបន្តថា ដើម្បីត្រៀមខ្លួនអនុវត្តឱ្យបានល្អ ក្នុងនាមជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា និងអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់តួនាទី និងភារកិច្ចដល់ក្មួយៗ ជាតំណាងឱ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ, ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌, គោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ។
លោកបន្ថែមថា ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះកាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍, ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ជំងឺមិនឆ្លង និងផលប៉ះពាល់នៃគ្រឿងញៀន, ចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹកចិត្តមិត្តយុវសិស្សពិការផងដែរ។ ជាពិសេសត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ មានទំនាក់ទំនងល្អក្នុងបណ្ដាយុវជន ចែករំលែកបទពិសោធន៍ដល់អ្នកជុំវិញខ្លួន។
ជាមួយនេះដែរ លោកក៏បានផ្ដាំផ្ញើ និងសំណូមពរដល់យុវជនដែលស្ម័គ្រចិត្តទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យក្លាយទៅជា សិស្សពូកែ, ជាពិសេសបន្តប្រកាន់ភ្ជាប់នូវអាកប្បកិរិយា សមរម្យ ឱ្យក្លាយជាសិស្សល្អ កូនល្អ ក្លាយជាយុវជនកាកបាទក្រហមកម្ពុជា និងជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ នាពេលបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនេះដែរ ក្រៅពីការសិក្សាសូមក្មួយៗ ដែលជាយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវធ្វើជាគំរូគ្រប់សកម្មភាព ទាំងនៅក្នុងសាលា ទាំងនៅក្រៅសាលា និងត្រូវឆ្លៀតជួយដល់ការងាររបស់ឪពុកម្ដាយរបស់យើង៕


















