សមាគមយុវជនកម្ពុជា ខេត្តកណ្ដាល ចូលរួមឧបត្ថម្ភថវិកា ក្នុងកម្មវិធីបាល់ទាត់មិត្តភាពសប្បុរសធម៌ «បេះដូងសប្បុរសធម៌ដើម្បីភូមិរង់ចាំ»
19-08-2026 12:53
(កណ្ដាល)៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាខាសមាគមយុវជនកម្ពុជា ខេត្តកណ្ដាល ដឹកនាំដោយ លោក រិទ្ធ រាជសីហ៍ ប្រធានកិត្តិយសស្តីទី តំណាងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល រួមជាមួយលោក ពូន ផានិត អនុប្រធានទី១ លោក សឹម វណ្ណា លោក សួង ស៊ីនឿន និង លោក វ៉ាត ផល្លា បានអញ្ជើញចូលរួមក្នុងកម្មវិធីបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «បេះដូងសប្បុរសធម៌ដើម្បីភូមិរង់ចាំ»។
ក្នុងឱកាសនោះក្រុមការងារថ្នាលយុវជនកម្ពុជាខេត្តកណ្ដាល បានចូលរួមចំណែកឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ តាមរយៈរដ្ឋបាលខេត្ត ដែលបានផ្ដល់កិត្តិយសដោយលោក គួច ចំរើន អភិបាល នៃខេត្តកណ្ដាល ដើម្បីរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងសង្គម។
ការចូលរួមនេះមានគោលបំណងរួមចំណែកជាមួយរដ្ឋបាលខេត្តកណ្ដាល ក្នុងការលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសខ្លួននៅភូមិរង់ចាំ ព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គម។ តាមរយៈសកម្មភាពនេះក៏ជាការបញ្ជាក់ពីការយកចិត្តទុកដាក់របស់សមាគមថ្នាលយុវជនកម្ពុជា ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាកផងដែរ៕









