កូនខ្មែរម្នាក់ទៀត បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីរុស្ស៉ី ជាមួយលទ្ធផល «ល្អណាស់»
19-08-2026 12:40
(ភ្នំពេញ)៖ កូនខ្មែរម្នាក់ទៀតហើយ គឺលោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី និងជាសមាជិកកិត្តិយសនៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត (PhD) ដោយជោគជ័យពីសាកលវិទ្យាល័យ Peoples' Friendship University of Russia named after Patrice Lumumba (RUDN University) ជាមួយលទ្ធផល «ល្អណាស់»។ នេះបើតាមការផ្សាយរបស់អគ្គលេខាធិការដ្ឋានសមាគម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ គឺជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង ឆន្ទៈមុតមាំ ការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់របស់លោកក្នុងការសិក្សា និងការស្រាវជ្រាវ។ ការបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយទទួលបានលទ្ធផលល្អណាស់ មិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយសសម្រាប់ក្រុមគ្រួសារ និងជាមោទនភាពសម្រាប់ជាតិផងដែរ។
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានឲ្យដឹងថា នៅក្នុងសង្គមសកលនាពេលបច្ចុប្បន្ន ការអប់រំ ការស្រាវជ្រាវ និងចំណេះដឹងកម្រិតខ្ពស់ គឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពប្រទេសជាតិ។ ការទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតរបស់លោក គឺជាការបន្តបង្ហាញពីតម្លៃនៃការសិក្សា និងការស្រាវជ្រាវ ហើយក៏ជាការលើកទឹកចិត្តដល់យុវជន និងនិស្សិតកម្ពុជាឱ្យខិតខំស្វែងរកចំណេះដឹង និងឧត្តមភាពនៅលើឆាកអន្តរជាតិ។
បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក្នុងនាមជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី លោក ពេជ្រ ឃុន បញ្ញា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ព្រមទាំងបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន អប់រំ វប្បធម៌ យុវជន ការផ្លាស់ប្តូរប្រជាជន និងការទូតរវាងប្រទេសទាំងពីរ។
លើសពីនេះ លោកបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពី ព្រះរាជាណាចក្រកម្ពុជា ប្រជាជន វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ សក្តានុពល និងសមិទ្ធផលរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសនៅក្នុងសហព័ន្ធរុស្ស៊ី។ តាមរយៈសកម្មភាពការទូត ការជួបប្រាស្រ័យ កម្មវិធីវប្បធម៌ ការផ្លាស់ប្តូរជាមួយស្ថាប័ន និងសហគមន៍នានា លោកបានរួមចំណែកធ្វើឱ្យប្រជាជនរុស្ស៊ី និងមិត្តភក្តិអន្តរជាតិបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីកម្ពុជា។
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានបញ្ជាក់ថា «ការចូលរួមផ្សព្វផ្សាយអំពីកម្ពុជារបស់ ឯកឧត្តម គឺជាការអនុវត្តដ៏មានតម្លៃនៃ ការទូតសាធារណៈ (Public Diplomacy) ដែលមិនត្រឹមតែផ្តោតលើការពង្រឹងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់ប្រជាជន យុវជន និស្សិត អ្នកសិក្សា អ្នកស្រាវជ្រាវ និងសហគមន៍នៃប្រទេសទាំងពីរ។ តាមរយៈការងារទាំងនេះ ឯកឧត្តម បានចូលរួមបង្កើតការយល់ដឹងវិជ្ជមានអំពីកម្ពុជា និងលើកកម្ពស់កិត្តិយស និងភាពសក្តិសមរបស់កម្ពុជានៅលើឆាកអន្តរជាតិ»។
សម្រាប់ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដែលជាសហគមន៍អតីតនិស្សិតកម្ពុជា ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធរុស្ស៊ី ការណ៍ដែលលោក ពេជ្រឃុន បញ្ញា បានបន្តរួមចំណែកក្នុងវិស័យអប់រំ ការទូត និងការផ្សព្វផ្សាយអំពីកម្ពុជា គឺជាគុណតម្លៃដ៏មានសារៈសំខាន់ និងជាប្រភពនៃមោទនភាពសម្រាប់សមាគម។ ជាពិសេស លោកបានផ្តល់នូវការយកចិត្តទុកដាក់ និងការគាំទ្រដល់សហគមន៍និស្សិត និងអតីតនិស្សិតកម្ពុជានៅសហព័ន្ធរុស្ស៊ី ដែលបានក្លាយជាស្ពានមួយក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងរុស្ស៊ី។ ការគាំទ្រនេះបានចូលរួមលើកទឹកចិត្តដល់និស្សិត និងយុវជនកម្ពុជាឱ្យបន្តសិក្សា អភិវឌ្ឍសមត្ថភាព និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានបន្តថា សមិទ្ធផលរបស់លោក ក៏ជាគំរូមួយបង្ហាញថា ការសិក្សា ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត អាចបង្កើតបាននូវសមិទ្ធផលដ៏មានតម្លៃសម្រាប់ខ្លួនឯង និងសង្គមជាតិ។ ពីការកសាងចំណេះដឹងរហូតដល់ការបំពេញបេសកកម្មជាតិនៅលើឆាកអន្តរជាតិ លោកបានបង្ហាញពីតួនាទីដ៏សំខាន់របស់បញ្ញវន្ត និងអ្នកជំនាញកម្ពុជាក្នុងការចូលរួមកសាងសង្គម និងលើកកម្ពស់កិត្តិយសជាតិ។
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានសម្ដែងនូវការអបអរសាទរ និងមោទនភាពយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលដ៏វិសេសវិសាលរបស់ លោក ពេជ្រឃុន បញ្ញា ហើយចាត់ទុកសមិទ្ធផលនេះជាការលើកទឹកចិត្ត និងជាគំរូដ៏ល្អសម្រាប់អតីតនិស្សិត និស្សិត និងយុវជនកម្ពុជាជំនាន់ក្រោយ៕





