FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម (Video inside)

19-08-2026 11:35

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអប់រំផ្នែកសីលធម៌ និងគុណធម៌ គឺមានសារៈសំខាន់ណាស់សម្រាប់សង្គម ព្រោះវាជាមូលដ្ឋានសម្រាប់ការរស់នៅ ការប្រកបវិជ្ជាជីវៈ និងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងភាពស្មោះត្រង់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារ្យរិនីទូទាំងប្រទេសលើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សីលធមនិងគុណធម៌ បង្កើតការទទួលខុសត្រូវនិងភាពស្មោះត្រង់ តម្លៃធំណាស់មិនថា​ អ្នកឯងនៅក្នុងវិស័យមិនថានៅក្នុងវិស័យធុរកិច្ច វិស័យរដ្ឋ មិនថានៅក្នុងនយោបាយ ឬមួយសង្គមកិច្ច ការទទួលខុសត្រូវ និងភាពស្មោះត្រង់គឺសំខាន់»

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បញ្ជាក់ថា សីលធម៌ និងគុណធម៌ ជាអ្វីដែលបង្កើតឲ្យមនុស្សមានការទទួលខុសត្រូវ និងភាពស្មោះត្រង់ ដែលជាតម្លៃសំខាន់ មិនថានៅក្នុងវិស័យធុរកិច្ច វិស័យរដ្ឋ នយោបាយ ឬសង្គមកិច្ចនោះទេ។

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅក្នុងវិស័យធុរកិច្ច មនុស្សមិនគួរត្រូវបានវាយតម្លៃត្រឹមតែសមត្ថភាពរកប្រាក់ ឬការយកឈ្នះដៃគូប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែភាពស្មោះត្រង់ និងការប្រកបអាជីវកម្មដោយមានគុណធម៌ គឺជាតម្លៃដែលអាចកសាងទំនុកចិត្ត និងរក្សាទំនាក់ទំនងបានយូរអង្វែង។

ថ្លែងលើអង្គវេទិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ភាពស្មោះត្រង់ គឺជាតម្លៃដែលអាចធ្វើឲ្យមនុស្សទទួលបានការគោរព និងទំនុកចិត្តពីអ្នកដទៃ ហើយត្រូវចាប់ផ្តើមបណ្តុះតម្លៃល្អនៅក្នុងខ្លួន និងចេះសួរខ្លួនឯងថា តើយើងចង់សម្រេចគោលដៅរបស់យើងតាមរបៀបណា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា មិនថាជាការងារ ឬមុខរបរអ្វីឡើយ ការសម្រេចបាននូវគោលដៅ គួរតែធ្វើឡើងដោយភាពស្មោះត្រង់ និងរក្សាកិត្តិយស សីលធម៌ និងគុណធម៌របស់ខ្លួន ដើម្បីកសាងទំនុកចិត្ត និងតម្លៃសម្រាប់ជីវិតរយៈពេលវែង៕