លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ និងពិនិត្យតម្រាយខ្សែផ្លូវ ចំនួន ២ខ្សែ នៅក្នុងខេត្តសៀមរាប
19-08-2026 11:24
(សៀមរាប)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប។
នាឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ផ្លូវ១ខ្សែនេះ មានឈ្មោះផ្លូវ ប្រាសាទបាគង-កំពង់ភ្លុក ជាផ្លូវល្បាយក្រួស មានប្រវែង ៤គ.ម. តភ្ជាប់ពីកំណាត់ផ្លូវលេខ០៤៦ ត្រង់ចំណុចភូមិត្នោតកំបុត ទៅដល់ភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ ផ្លូវនេះ មានអ្នកទទួលផលសរុបចំនួន ១ ១០៧គ្រួសារ ស្មើនឹង ៣ ៨២០នាក់។ ការចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើសិក្សាលទ្ធភាពក្នុងការជួសជុលជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រើប្រាស់ ព្រមទាំងជួយក្នុងការលើកកម្ពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព និងតម្រាយផ្លូវចំនួន ២ខ្សែ ដែលខ្សែទី១ តភ្ជាប់ពីភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង មានប្រវែង ៩,៦៨គ.ម. និងខ្សែទី២ តភ្ជាប់ពីភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង មានប្រវែង ១១,៨៥គ.ម.៕






















