រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងទេសចរណ៍
19-08-2026 10:16
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងទេសចរណ៍ ព្រមទាំងស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលសម្រេចបាន ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្តភារកិច្ចរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង សរុបចំនួន ៩៣រូប។
កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗចំនួន៤ រួមមាន ១៖ វឌ្ឍនភាពនៃការរៀបចំសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ចក្នុងក្របខណ្ឌក្រសួងទេសចរណ៍ នៅក្នុងប្រព័ន្ធ CAMDx ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្នើសុំអាជ្ញាបណ្ណ តាមប្រព័ន្ធអនឡាញ, ២៖ វឌ្ឍនភាពនៃគម្រោងកសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងទេសចរណ៍, ៣៖ វឌ្ឍនភាពនៃការធ្វើជំរឿនមន្ត្រី និងការរៀបចំការកំណត់ ការពិព័រណ៌នាមុខតំណែង វិជ្ជាជីវៈរបស់ក្រសួងទេសចរណ៍, និង៤៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍៕










