ប្រតិភូយោធាអាមេរិក និងមន្ត្រីស្ថានទូត ចុះធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ
18-08-2026 21:49
(តាកែវ)៖ គណៈប្រតិភូយោធា និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃអង្គារទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានចុះធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកតាកែវ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសទស្សនកិច្ចនេះ ក្រុមការងារជំនួយមនុស្សធម៌នៃបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចុះពិនិត្យដោយផ្ទាល់នៅមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលជាសមិទ្ធផលធ្លាប់ទទួលបានការជួយឧបត្ថម្ភក្នុងការសាងសង់ និងជួសជុលកែលម្អកន្លងមក ព្រមទាំងស្វែងយល់បន្ថែមពីស្ថានភាពបច្ចុប្បន្ន ដើម្បីវាយតម្លៃតម្រូវការជាក់ស្តែង និងស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់យោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងស្ថានទូតសហរដ្ឋអាមេរិក ដែលបានផ្ដល់ជំនួយដល់មានតម្លៃនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ៕









