អភិបាលស្រុកតាំងគោក នាំយកអំណោយចុះសាកសួរសុខទុក្ខជនចាស់ជរាមានជីវភាពលំបាក និងជំងឺប្រចាំកាយ ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ
18-08-2026 21:42
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ជនចាស់ជរា មានជំងឺប្រចាំកាយ និងជួបការលំបាកចំនួន ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។
ក្នុងឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋមានជីវភាពលំបាក។
លោកបានសម្តែងនូវក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំង ៣គ្រួសារ និងបានលើកទឹកចិត្តឱ្យពួកគាត់បន្តតស៊ូជម្នះរាល់ឧបសគ្គក្នុងជីវភាព និងបានបញ្ជាក់ថា អំណោយដែលបានចែកជូននេះរួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃបានមួយរយៈផងដែរ។
លោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ បន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយទាន់ពេលវេលា។
គួរបញ្ជាក់ដែរថា ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ឱ្យកាន់តែប្រសើរឡើងផងដែរ។
សូមជម្រាបដែរថា អំណោយដែលបានប្រគល់ជូនគ្រួសារទាំង៣នេះ រួមមាន៖ អង្ករ មី ត្រីខ ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ៕






