FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ពានបេតុងថ្មីឆ្លងកាត់ស្ទឹងពោធិ៍សាត់ សម្រេចបាន១០០%ហើយ! ពលរដ្ឋសម្តែងក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក្រោយអភិបាលខេត្ត ចុះតភ្ជាប់ភ្លើងលម្អនៅយប់នេះ

18-08-2026 21:47

(ពោធិ៍សាត់)៖ ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តវេនដោយស្មារតីប្តូរផ្តាច់ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបមានឱកាសកសាងសមិទ្ធផលធំៗជាច្រើន រួមទាំងស្ពានបេតុងថ្មីដ៏ប្រណិត ដែលជាចំណងដៃដ៏មានតម្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

គម្រោងសាងសង់ស្ពានបេតុងប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិបោះពួយ ឃុំលាច (ត្រើយខាងកើត) និងត្រើយខាងលិច ភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ គឺសម្រេចបាន១០០%ហើយ។

ជាពិសេសនាយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្ត ចុះផ្ទាល់ដើម្បីតភ្ជាប់ភ្លើងលម្អ អមជាមួយអំពូលសូឡា ចំនួន១៨បង្គោលលើស្ពាន ដើម្បីបំភ្លឺសោភណ្ឌភាពដ៏ស្រស់ត្រកាល ដែលត្រៀមដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាផ្លូវការ មុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។

សកម្មភាពចុះតភ្ជាប់ភ្លើងនេះ ក៏ទទួលបានការស្វាគមន៍ និងសាទរយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
ទន្ទឹមនឹងការទទួលបានសមិទ្ធផលដ៏ថ្មីសន្លាងនេះប្រជាពលរដ្ឋដែលរស់នៅ និងតែងតែប្រើប្រាស់ស្ពានដែកបាឡេចាស់ជាប្រចាំ បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងអាជ្ញាធរខេត្តពោធិ៍សាត់ និងក្រុមការងារគ្រប់ជាន់ថ្នាក់។

ប្រជាពលរដ្ឋបានលើកឡើងថា ស្ពានបេតុងដ៏រឹងមាំ និងមានភ្លើងបំភ្លឺស្រស់ស្អាតនៅពេលយប់នេះ បានជួយលុបបំបាត់រាល់ក្តីបារម្ភរបស់ពួកគាត់ ក្នុងការធ្វើដំណើរឆ្លងកាត់ស្ទឹង ពិសេសគឺការសម្រាលការលំបាកក្នុងការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅមក ប្រកបដោយសុវត្ថិភាព។

គួររំលឹកផងដែរថា ស្ពានដែកបាឡេចាស់ពីមុនមានប្រវែង១៣៨ម៉ែត្រ និងទទឹង៥ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាងសង់កាលពីឆ្នាំ២០០៥ ប៉ុន្តែបានរងការទ្រុឌទ្រោម ខូចខាត និងប្រឈមខ្លាំងដោយសារជំនន់ទឹកភ្លៀង និងការដឹកជញ្ជូនសម្ភារៈសំណង់ផ្សេងៗ។

ការស្ថាបនាស្ពានបេតុងថ្មីដ៏ប្រណិតនេះ ត្រូវបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដែរនាំមកនូវគុណប្រយោជន៍យ៉ាងមហាសាល ក្នុងការធានាបាននូវការតភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាងស្រុកភ្នំក្រវាញ និងតំបន់ជុំវិញឱ្យកាន់តែមានភាពរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានពេញមួយឆ្នាំ ដោយពុំមានការព្រួយបារម្ភពេលមានជំនន់ទឹកភ្លៀងដូចមុនទៀតឡើយ៕