ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប បញ្ជូនគ្រឿងចក្រជួសជុលផ្លូវប្រវែង ៧៥០ម៉ែត្រ នៅឃុំកំពង់ស្រឡៅមួយ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
18-08-2026 21:38
(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានបញ្ជូនគ្រឿងចក្រចុះកែសម្រួល និងកៀរផ្ទៃផ្លូវនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប (ជាប់ព្រំដែនឡាវ) តភ្ជាប់ពីតំបន់ «កូនភ្នំ ទៅកាន់ផ្សារកំពង់ស្រឡៅ» ដែលមានប្រវែងសរុប ៧៥០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សំ លាងទ្រី បានឱ្យដឹងថា កន្លងមក ខ្សែផ្លូវនេះមានស្ថានភាពលំបាកធ្វើដំណើរ ជាពិសេសនៅតំបន់ដែលមានសណ្ឋានភ្នំ និងមានជង្ហុកជ្រៅៗជាច្រើនកន្លែង ដែលបានបង្កការលំបាកដល់ការធ្វើចរាចរណ៍ប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ កសិផល ព្រមទាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ទីប្រជុំជន និងទីផ្សារ។
លោកបានបន្តថា ការចុះកែសម្រួល និងកៀរផ្ទៃផ្លូវនាពេលនេះ គឺជាការឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយរំពឹងថានឹងធ្វើឱ្យស្ថានភាពផ្លូវមានភាពប្រសើរឡើង កាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ និងបង្កើនសុវត្ថិភាពចរាចរណ៍ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅមកជាប្រចាំ។ លើសពីនេះ ការកែលម្អខ្សែផ្លូវនេះ ក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗពីតំបន់ផលិតកម្មទៅកាន់ទីផ្សារបានកាន់តែងាយស្រួល និងឆាប់រហ័ស ដែលជាកត្តាសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋឃុំកំពង់ស្រឡៅមួយបានសម្តែងការសាទរ និងថ្លែងអំណរគុណចំពោះលោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប និងក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្រឡៅមួយ ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហាផ្លូវថ្នល់ និងបានចាត់វិធានការកែលម្អឱ្យបានទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕

















