FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scam ឃាត់ខ្លួនជនសង្ស័យ ១៩នាក់ នៅក្រុងបាវិត

18-08-2026 21:34

(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងចំនួន ២កន្លែង ដែលសង្ស័យថាមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ជាលទ្ធផល ក្រុមការងារចម្រុះបានរកឃើញជនសង្ស័យសរុបចំនួន ១៩នាក់ (ស្រី ០៣នាក់) ដែលទាំងអស់ជាជនជាតិវៀតណាម។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កុំព្យូទ័រ All in 1, ម៉ូនីទ័រ CPU, លិខិតឆ្លងដែន, ទូរសព្ទដៃចម្រុះ, ទូរស័ព្ទដៃផ្ទាល់ខ្លួន និងសម្ភារផ្សេងៗទៀតជាច្រើន។

បច្ចុប្បន្ន ចំពោះជនបរទេស និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូន និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ ដោយឡែក ទីតាំងទាំង ២ខាងលើ ក្រុមការងារបានសម្រេចបិទសៀលចាបណ្ដោះអាសន្ន៕