អភិបាលស្រុកឆែប នាំអំណោយអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តក្រុមការងារការពារធនធានធម្មជាតិនៅភូមិដងផ្លិត
18-08-2026 21:35
(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដែលជាអំណោយរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងប្រគល់ជូនក្រុមការងារប្រចាំការត្រួតពិនិត្យ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកំពុងបំពេញភារកិច្ចនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោក ឃិត សុធារ៉ា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំពោះក្រុមការងារដែលកំពុងឈរជើងបំពេញភារកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់នៅក្នុងមូលដ្ឋាន។
លោក ឃិត សុធារ៉ា បានបន្តថា ការយកចិត្តទុកដាក់របស់លោកអភិបាលខេត្តព្រះវិហារ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ក្រុមការងារដែលកំពុងបំពេញភារកិច្ចនៅតាមគោលដៅប្រចាំការ ជាពិសេសក្នុងការចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ និងសកម្មភាពកាប់រាន កាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិដោយខុសច្បាប់។
លោកអភិបាលស្រុកឆែប បានបញ្ជាក់ថា ការការពារធនធានធម្មជាតិ គឺជាកិច្ចការដែលត្រូវការការចូលរួម និងការទទួលខុសត្រូវពីគ្រប់ភាគី ដោយក្រុមការងារត្រូវបន្តពង្រឹងការត្រួតពិនិត្យ និងតាមដានសកម្មភាពដែលអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោក ឃិត សុធារ៉ា បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងការណែនាំពីលោក គីម រិទ្ធី ក្រុមការងារត្រូវបន្តអនុវត្តតួនាទីដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនត្រូវមើលរំលងចំពោះសកម្មភាពកាប់បំផ្លាញធនធានធម្មជាតិ និងត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះបទល្មើសដែលរកឃើញ។
លោកបានបន្តថា ការនាំយកអំណោយមកប្រគល់ជូននៅពេលនេះ មិនត្រឹមតែជាការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ក្រុមការងារដែលកំពុងបំពេញភារកិច្ចនៅតំបន់ឈរជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តរបស់លោក គីម រិទ្ធី ចំពោះកម្លាំងដែលកំពុងចូលរួមការពារធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់ជាតិ។
ជាមួយគ្នានេះ លោកអភិបាលស្រុកឆែប បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មាន និងទប់ស្កាត់សកម្មភាពល្មើសច្បាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញធនធានធម្មជាតិ ដើម្បីរួមគ្នារក្សាធនធានធម្មជាតិឱ្យបានគង់វង្ស និងបន្តផ្តល់ប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋជំនាន់ក្រោយ៕










