រដ្ឋបាលខេត្តស្ទឹងត្រែង ពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមរយៈការរៀបចំតារាងស្ថិតិ និងកំណត់ប្រភពចំណូល
18-08-2026 21:27
(ស្ទឹងត្រែង)៖ នារសៀលថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំតារាងស្ថិតិ និងការកំណត់ប្រភពចំណូលមិនមែនសារពើពន្ធ (កិច្ចសន្យាជួល) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធរបស់រដ្ឋបាលខេត្តឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងស្របតាមបទដ្ឋាន និងនីតិវិធីជាធរមាន។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង ស្រុក ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំផ្សព្វផ្សាយនេះគឺដើម្បីឱ្យមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានការយល់ដឹងច្បាស់លាស់អំពីការរៀបចំតារាងស្ថិតិ ការកំណត់ប្រភពចំណូលមិនមែនសារពើពន្ធ ពាក់ព័ន្ធនឹងកិច្ចសន្យាជួល ក៏ដូចជាការគ្រប់គ្រង និងកំណត់ប្រភពចំណូលពីផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោក ស៊ី សួន បានលើកឡើង ពីសារៈសំខាន់នៃការរៀបចំទិន្នន័យ និងតារាងស្ថិតិឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងមានប្រភពច្បាស់លាស់ ដើម្បីជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធរបស់រដ្ឋបាលខេត្ត។ ការរៀបចំទិន្នន័យបានល្អ នឹងជួយឱ្យអាជ្ញាធរមានព័ត៌មានគ្រប់គ្រាន់សម្រាប់ធ្វើការគ្រប់គ្រង តាមដាន និងរៀបចំផែនការប្រមូលចំណូលបានកាន់តែមានប្រសិទ្ធភាព។
លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យពាក់ព័ន្ធនឹងកិច្ចសន្យាជួល និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយត្រូវធានាថា ទិន្នន័យទាំងអស់មានភាពត្រឹមត្រូវ អាចផ្ទៀងផ្ទាត់បាន និងមិនមានការខកខានចំពោះប្រភពចំណូលដែលជាសក្តានុពលរបស់រដ្ឋបាល។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើការពិភាក្សា និងផ្សព្វផ្សាយអំពីវិធីសាស្ត្ររៀបចំតារាងស្ថិតិ ការបែងចែកប្រភេទប្រភពចំណូល ការកំណត់ទីតាំង និងចំនួនផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងការពិនិត្យលើកិច្ចសន្យាជួលដែលមានស្រាប់នៅតាមមូលដ្ឋាន ដើម្បីធានាឱ្យការគ្រប់គ្រង និងប្រមូលចំណូលអនុវត្តទៅតាមគោលការណ៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
តាមរយៈកិច្ចប្រជុំនេះ លោក ស៊ី សួន ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង រំពឹងថាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នឹងយកខ្លឹមសារ និងការណែនាំដែលទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រភពចំណូលរបស់រដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕

















