ខេត្តពោធិ៍សាត់ គ្រោងរៀបចំ «ភ្នំនាគស និងភ្នំបាក់ត្រា» ជាទិសដៅទេសចរណ៍ធម្មជាតិថ្មី ដើម្បីលើកកម្ពស់ការអភិរក្សព្រៃឈើ និងជីវចម្រុះ
18-08-2026 21:29
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យផ្ទាល់ នៅទីតាំងគយគន់ទេសភាពដ៏ស្រស់ត្រកាល ចំនួនពីរទីតាំង គឺរមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ភ្នំនាគស ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ និងភ្នំបាក់ត្រា (ចំណុចប្រោសសត្វ) ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីត្រៀមរៀបចំទីតាំងទាំងពីរឱ្យទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងឆ្លើយតបទៅនឹងចក្ខុវិស័យដឹកនាំរបស់រដ្ឋបាលខេត្ត ក្នុងការការពារព្រៃឈើ បរិស្ថាន និងជំរុញការដាំដើមឈើ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិទាំងពីរនេះ មិនត្រឹមតែជាការបង្កើតកន្លែងកម្សាន្តថ្មីសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ យ៉ាងសំខាន់រួមមាន៖
*ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ៖ បង្កើតជាតំបន់ទេសចរណ៍ធម្មជាតិនឹងជួយពង្រឹងការគ្រប់គ្រង និងទប់ស្កាត់បទល្មើសព្រៃឈើ ការទន្ទ្រានយកដីព្រៃ និងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់។
*រក្សាជម្រកសត្វព្រៃ និងជីវចម្រុះ៖ ការពារ និងអភិរក្សតំបន់ព្រៃភ្នំឱ្យនៅគង់វង្ស ដើម្បីធានាបាននូវសុវត្ថិភាព និងជម្រកធម្មជាតិសុខសាន្ត សម្រាប់សត្វព្រៃគ្រប់ប្រភេទបន្តពូជ និងរស់នៅ។
*រក្សាគម្របព្រៃឈើ និងតុល្យភាពអេកូឡូស៊ី៖ បង្កើនការថែរក្សាគម្របព្រៃឈើឱ្យបានគង់វង្ស ដែលជាកន្លែងផលិតអុកស៊ីសែន និងការពារប្រភពទឹកធម្មជាតិ។
*កាត់បន្ថយកំដៅផែនដី និងប្រែប្រួលអាកាសធាតុ៖ រួមចំណែកយ៉ាងសកម្មជាមួយកិច្ចខិតខំប្រឹងប្រែងសកល និងជាតិក្នុងការទប់ស្កាត់ការឡើងកំដៅផែនដី តាមរយៈការរក្សាបៃតង និងការពារធនធានធម្មជាតិក្នុងមូលដ្ឋាន។
តាមរយៈការរៀបចំនេះ រដ្ឋបាលខេត្តពោធិ៍សាត់រំពឹងទុកថា នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្ត កាន់តែច្រើន ក៏ដូចជាស្មារតីស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថាន ដល់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕











































