អ្នកនាំពាក្យ៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មាន បញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត
18-08-2026 21:03
(ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានី-ខេត្ត ចំនួន ១៤ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សជាង ៥ម៉ឺន៦ពាន់នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤១ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប, បាត់ដំបង, ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។
នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសបានធ្វើបទបង្ហាញស្តីពី «ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ។
អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយតាមបណ្តាខេត្តទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ ក្នុងគោលបំណងលើកកម្ពស់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវវ័យ បង្កើនការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់មកផ្ទៀងផ្ទាត់ព័ត៌មានមុនជឿ ឬចែករំលែកព័ត៌មានណាមួយលើបណ្តាញសង្គម។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា តាមរយៈកិច្ចខិតខំទាំងនេះ ក្រសួងព័ត៌មាន និងតួអង្គក្នុងការអនុវត្តយុទ្ធនាការ នឹងរួមគ្នាយ៉ាងសកម្ម សំដៅធានាសន្តិសុខព័ត៌មាន និងទប់ស្កាត់ការរាលដាលនៃព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
ក្នុងន័យនេះ អ្នកនាំពាក្យបានបន្តថា ក្នុងយុទ្ធនាការនេះ ក្រុមការងារព័ត៌មាននៃវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, AKP, ក្រុមការងារ App ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ បានផលិតព័ត៌មានជាង ១ពាន់អត្ថបទ និងមាតិកាបែបអប់រំផ្សេងៗទៀត ដើម្បីបញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចូលរួមរបស់សាធារណជនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយកុំឱ្យរីកសាយក្នុងសង្គមរស់នៅ។
បើតាមប្រសាសន៍របស់លោក ទេព អស្នារិទ្ធ អង្គភាពសារព័ត៌មានឯកជនក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងសកម្មភាពផលិត និងផ្សាយអំពីយុទ្ធនាការនេះ ដោយក្នុងអំឡុងពេលនៃយុទ្ធនាការ អង្គភាពសារព័ត៌មានធំៗ និងសារព័ត៌មានឌីជីថលបានផ្សាយមាតិកាព័ត៌មានរបស់ខ្លួន សរុបប្រមាណជិត៤ពាន់ អត្ថបទ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីសាធារណជនឱ្យប្រុងប្រយ័ត្ន និងជួយទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយក្នុងសង្គមដោយជោគជ័យ។ បន្ថែមលើនេះ យុទ្ធនាការលើបណ្តាញសង្គមរបស់ក្រសួង និងមន្ទីរព័ត៌មានបានពង្រាយមាតិកាបែបអប់រំ និងអំពីសកម្មភាពរស់រវើកនៃការអនុវត្តយុទ្ធនាការតាមមូលដ្ឋានរាជធានី-ខេត្ត ចំនួនជាង២ម៉ឺនមាតិកា ដែលមានអ្នកចូលទស្សនាជាង និងចែករំលែកចំនួនជាង១៣ លានដងលើបណ្តាញសង្គមផងដែរ។
ក្រសួងព័ត៌មាន បានបើកដំណើរការជាផ្លូវការនូវ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ជំហានទី២ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយក្នុងចំណោមយុវវ័យ ដើម្បីពង្រឹងភាពធន់ និងលើកទឹកចិត្តឱ្យពួកគេចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព៕







