FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារាចម្រៀង ទិត្យ វិច្ឆិកា មានជំងឺបូសថ្លើមព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈជីវិតជាយោធារបស់លោកមានរឿងរ៉ាវគួរឱ្យកោតសរសើរ

18-08-2026 17:32

(ភ្នំពេញ)៖ លោក ទិត្យ វិច្ឆិកា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ប្រចាំប្រទេសកម្ពុជា និងជាគ្រូបង្វឹកនៅសាលាហ្វឹកហ្វឺនទ័ពពិសេស «តេជោសែន ឱរ៉ាល់» បានជាសះស្បើយពីជំងឺ បូសថ្លើម ក្រោយទទួលការព្យាបាលដោយ យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ហើយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅសម្រាក និងថែទាំសុខភាពនៅផ្ទះវិញស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមកិច្ចសម្ភាសន៍ជាមួយលោក ទិត្យ វិច្ឆិកា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកបានឱ្យដឹងថា ដំបូងឡើយលោកមានអាការៈ ក្តៅខ្លួនខ្លាំង និងរងា ហើយបានទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ក្រោយពិនិត្យ ក្រុមគ្រូពេទ្យបានប្រាប់ថា លោកមានជំងឺគ្រុនពោះវៀន និងបញ្ហាពាក់ព័ន្ធនឹងថ្លើម។

ក្រោយព្យាបាលប្រមាណ៣ទៅ៤ថ្ងៃ អាការៈរបស់លោកបានធូរស្រាល ប៉ុន្តែមួយរយៈក្រោយមក អាការៈបានរើឡើងវិញ។ លោកក៏បានទៅពិនិត្យម្តងទៀត ហើយលទ្ធផលពិនិត្យបានរកឃើញថា លោកមាន បូសនៅក្នុងថ្លើម។

ដោយសារតែស្ថានភាពជំងឺ លោកបានសម្រេចចិត្តទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ដោយលោកបានចូលសម្រាកព្យាបាលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានធ្វើការព្យាបាល ដោយបូមយកខ្ទុះដែលមាននៅក្នុងថ្លើមរបស់លោកចេញ រហូតទទួលបានលទ្ធផលល្អ និងជោគជ័យ។

ក្រោយស្ថានភាពសុខភាពមានភាពប្រសើរឡើង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យលោកត្រឡប់ទៅផ្ទះវិញ ដើម្បីបន្តសម្រាក និងថែទាំសុខភាព លោកបានបញ្ជាក់ថា តាមការណែនាំរបស់ក្រុមគ្រូពេទ្យ លោកត្រូវបន្តប្រុងប្រយ័ត្នចំពោះរបបអាហារ ដោយតមអាហារឆៅ គ្រឿងស្រវឹង និងអ្វីៗដែលអាចប៉ះពាល់ដល់សុខភាព ព្រមទាំងអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

លោក ទិត្យ វិច្ឆិកា ក៏បានបង្ហើបឱ្យដឹងពីប្រវត្តិជីវិតការងាររបស់លោកថា លោកបាន ចូលបម្រើការងារក្នុងវិស័យយោធាតាំងពីឆ្នាំ១៩៩៨ និងបានចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ ២០០៤។ បើទោះបីលោកក្លាយជាតារា ចម្រៀងដែលមានឈ្មោះល្បី និងមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈក្តី ក៏លោកនៅតែបន្តបំពេញភារកិច្ចក្នុងវិស័យយោធា ជាពិសេសការបង្ហាត់បង្រៀន និងហ្វឹកហ្វឺនសិក្ខាកាមនៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន ឱរ៉ាល់។

តាមការលួចបង្ហើបឱ្យដឹង លោកមិនបានចេញទៅបំពេញភារកិច្ចប្រយុទ្ធនៅជួរមុខដោយផ្ទាល់នោះទេ ដោយសារលោកមានភារកិច្ចជាប់ជាមួយការបង្ហាត់បង្រៀនសិក្ខាកាម ប៉ុន្តែ ការមិនបានទៅជួរមុខ មិនមែនមានន័យថាលោកបោះបង់ ឬទុកបងប្អូនដែលកំពុងឈរជើងនៅជួរមុខចោលឡើយ។

ផ្ទុយទៅវិញ លោកតែងតែគិតគូរពីសុខទុក្ខរបស់មិត្តរួមការងារ និងបងប្អូនកងកម្លាំងដែលកំពុងបំពេញភារកិច្ច។ លោកបានចូលរួម កៀរគរសប្បុរសជន ស្វែងរកការឧបត្ថម្ភ និងបញ្ជូនស្បៀងអាហារ ព្រមទាំងសម្ភារចាំបាច់ មួយចំនួនទៅជួយបងប្អូននៅជួរមុខជាបន្តបន្ទាប់។ នេះគឺជាស្មារតីមួយដែលលោកបានបង្ហាញថា ទោះបីមិនបានឈរជើងនៅជួរមុខដោយផ្ទាល់ក៏ដោយ ក៏លោកនៅតែចង់ចូលរួមចំណែក និងមិនបោះបង់មិត្តរួមអាជីពដែល កំពុងបំពេញភារកិច្ចការពារជាតិឡើយ។

ក្នុងឱកាសដែលលោកបានធូរស្បើយ និងត្រឡប់ទៅផ្ទះវិញ លោក ទិត្យ វិច្ឆិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការទ័ពពិសេស, អគ្គនាយក និងអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត, លោក យឿន យឿត ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន, លោកវីរសេនីយ៍ឯក ឈាង សុវណ្ណរតនា និងលោកឧកញ៉ា លឹម ហុង ដែលបានយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងក្នុងការព្យាបាលជំងឺរបស់លោកកន្លងមក។

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមគ្រូបង្វឹក និងបងប្អូននៅ សាលាទ័ពពិសេស តេជោសែន ឱរ៉ាល់ ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់លោក និងបានជូនពរដល់គ្រប់គ្នាឱ្យមានសុខភាពល្អ សំណាងល្អ និងសុភមង្គលក្នុងក្រុមគ្រួសារ។

លោក ទិត្យ វិច្ឆិកា បានបញ្ជាក់ដោយក្តីរីករាយថា «ពេលនេះ ខ្ញុំត្រឡប់ទៅផ្ទះវិញហើយ» បន្ទាប់ពីបានឆ្លងកាត់ការព្យាបាលជំងឺបូសថ្លើមដោយជោគជ័យ និងទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងអ្នកដែលបានជួយគាំទ្រលោកក្នុងអំឡុងពេលសម្រាកព្យាបាល៕