FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃួង ស្រេង៖ ក្មួយៗត្រូវសិក្សារៀនសូត្រឲ្យបានខ្លាំង ដើម្បីយកចំណេះវិជ្ជាទាំងនោះ មកអភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យរីកចម្រើនជឿនលឿនថែមទៀត

18-08-2026 17:28

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យក្មួយៗ ដែលជានិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា និងធ្វើយ៉ាងណាទាក់ទាញឲ្យនិស្សិត ក៏ដូចជាមិត្តភក្កិបរទេសមកទេសចរណ៍ស្រុកខ្មែរឱ្យបានច្រើន។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ខណៈជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រី ចំនួន២៣រូប នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ក្មួយៗនិស្សិតដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សារៀនសូត្រនៅប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឲ្យបានខ្លាំង ដើម្បីយកចំណេះវិជ្ជាទាំងនោះ មកអភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យ រីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ការប្រឡងជាប់ជានិស្សិតអាហារូបករណ៍របស់ក្មួយៗ គឺជាមោទនភាពរបស់កម្ពុជាយើង ហើយក៏ជាការបង្ហាញឲ្យឃើញពីប្រាជ្ញាគំនិតដ៏វ័យឆ្លាតរបស់កូនខ្មែរ មិនចាញ់និស្សិតបរទេស នៅលើពិភពលោកឡើយ។

លោក ឃួង ស្រេង បានបន្តទៀតថា ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ពិតជាមានសក្តានុពល។ ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំ សិស្សានុសិស្សដែលប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A កាន់តែច្រើនៗឡើង។ ការសិក្សារៀនសូត្រមិនមែនបញ្ចប់ត្រឹមការសិក្សា នៅតាមសាលារៀនប៉ុណ្ណោះទេ ពោលគឺត្រូវរៀនឲ្យទាន់បច្ចេកវិជ្ជា រៀនសូត្រជារៀងរហូត ដើម្បីដណ្ដើមបានទីផ្សារការងារនៅលើពិភពលោក។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានលើកឡើងពីបទពិសោធន៍ដែលលោកបានសិក្សារៀនសូត្រ ជានិស្សិតអាហារូបករណ៍ នៅសហភាពសូវៀត។ សុំក្មួយៗជានិស្សិតទាំងអស់ ដែលត្រូវទៅសិក្សារៀនសូត្រនៅប្រទេសហុងគ្រី ត្រូវប្រកាន់ភ្ជាប់នៅប្រពៃណី វប្បធម៌ ទំនៀមទំលាប់របស់កម្ពុជា ពិសេសសាមគ្គីភាពគ្នាឲ្យបានល្អ។ ធ្វើទំនាក់ទំនងឱ្យល្អ ជាមួយនឹងនិស្សិតបរទេស បង្ហាញពីវប្បធម៌ប្រពៃណី អត្តសញ្ញាណជាតិរបស់កម្ពុជា និងធ្វើយ៉ាងណា ទាក់ទាញឲ្យមិត្តបរទេស ចាប់អារម្មណ៍ ចង់មកទេសចរណ៍នៅប្រទេសកម្ពុជាយើង។

ក្រោយបញ្ចប់ការសំណេះសំណាលនោះ លោក ឃួង ស្រេង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាការលើកទឹកចិត្តដល់និស្សិតទាំង២៣នាក់ផងដែរ៕