សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរជូនប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាម
18-08-2026 17:13
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man)
ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
នៅក្នុងសារលិខិតរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានខ្លឹមសារដូចនេះថា តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ បំផុតជូនចំពោះ ឯកឧត្តមប្រធាន សហការី និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។
ចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ត្រូវបានពង្រឹង និងពង្រីកជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដោយទំនាក់ទំនងទ្វេភាគីរបស់យើង ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការជឿទុកចិត្តគ្នាផ្នែកនយោបាយ មិត្តភាពពិសេសជាប្រពៃណី និងសាមគ្គីភាព ព្រមទាំងការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នឹងបន្តលូតលាស់រីកចម្រើនបន្ថែមទៀតនាពេលអនាគត នាំមកនូវឧត្តមប្រយោជន៍ទៅវិញទៅមក កាន់តែធំធេងថែមទៀតសម្រាប់ប្រជាជន នៃប្រទេសយើងទាំងសងខាង៕



