FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជាជនភៀសសឹក និងអតីតយុទ្ធជន ១,០៦២គ្រួសារ នៃខេត្ដឧត្ដរមានជ័យ

18-08-2026 16:58

(ឧត្ដរមានជ័យ)៖ ក្រោមព្រះរាជហឬទ័យយកចិត្តទុក្ខដាក់ដោយមិនរំលង ពីសុខទុក្ខរបស់ប្រជានុរាស្ដ្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យថវិកា ចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមទុក្ខជាមុនសម្រាប់ទុកចាត់ចែងជួយដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត តាមរយៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលក្រាបថ្វាយបង្គំគាល់ និងទទួល ព្រះរាជទ្រព្យ ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

ដោយមិនបង្អង់យូរនោះឡើយ បន្ទាប់ពីទទួលបានដំណឹងពីលោក មាន ចាន់យាដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ថាប្រជាជនភៀសសឹកដ៏ស្លូតត្រង់មកពីស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដែលត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង និងតំបន់ព្រំដែន ដើម្បីស្វែងរកទីទួលសុវត្ថិភាព អំឡុងពេលមានការផ្ទុះអាវុធ និងទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ ហើយបានមកស្នាក់នៅផ្ទះបៃតង រួមទាំងអតីតយុទ្ធជន សរុប ១,០៦២គ្រួសារ កំពុងខ្វះខាតស្បៀង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី ចុះមកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋយើងភ្លាមៗ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើមនូវពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាជនភៀសសឹកនិងអតីតយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹកសរុបចំនួន ១,០៦២គ្រួសារ ដែលបានមកតាំងទីលំនៅ និងជម្លៀសមកស្នាក់នៅជាបណ្ដោះអាសន្នមកពីស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ក្នុងខេត្តឧត្តរមានជ័យ លោក មាន ចាន់យាដា បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលរយៈកាលកន្លងមកនេះ បានខិតខំគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ក្រោយពេលមានការរំលោភឈ្លានពានទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកបានថ្លែងបន្តថា ទឹកចិត្តមនុស្សធម៌ដ៏មហិមាររបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងឲ្យហើយពីការព្រួយបារម្តគ្រប់វិនាទី និងការយកទុក្ខដាក់ចិត្តខ្ពស់ មិនអាចកាត់ថ្លៃបាន ជាពិសេសដែលបានចាត់តំណាងចុះមកនាឱកាសនេះ គឺជាការលើកទឹកចិត្តប្រកបដោយភាពកក់ក្ដៅដល់ថ្នាក់ដឹកនាំ អាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីបម្រើប្រជាពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលនៃការរំលោភឈ្លានពានដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានតួនាទីសហការជាមួយគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ឈរជើងក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក្នុងការការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ការពារខ្សែបន្ទាត់ព្រំដែន និងបូរណភាពទឹកដី ឱ្យកាន់តែរឹងមាំ និងគង់វង្ស។

ក្នុងកិច្ចសំណេះសំណាលដ៏កក់ក្តៅនេះផងដែរ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ក៏បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ពី ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខ របស់ប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយទុក្ខលំបាកប្រជានុរាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះអង្គផ្ទាល់ផងដែរ។

ទន្ទឹមនឹងនោះលោក យូ ឡាណា បាននាំយកនូវប្រសាសន៍អំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជនទាំងអស់ ទោះក្នុងកាៈទេសៈណាក៏ដោយ ត្រូវតែថែរក្សាសុខភាពឲ្យបានល្អពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួច ។ជាងនេះទៅទៀតគឺស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជ សូមទៅពិនិត្យផ្ទៃពោះឱ្យបាន៤យ៉ាងតិច នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីបង្ការការឆ្លងជំងឺពីម្តាយទៅកូន មានដូចជាជំងឺអេដស៍ និងជំងឺកាមរោគជាដើម។

លើសពីនោះសូមប្រជាជនយើងទាំងអស់រក្សាសុខភាពឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត និងចូលរួមបង្ការជំងឺមិនឆ្លង៤សំខាន់ៗរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃ ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ន បណ្តាលមកពីការបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង ការជក់បារី និងទម្លាប់នៃការរស់នៅជាប្រចាំថ្ងៃ។ បន្ថែមលើនេះត្រូវលើកកម្ពស់ការយល់ដឹងពីអនាម័យបរិស្ថាន ប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជាពិសេសកុមារតូចៗ ពេលមានភ្លៀងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះផ្គររន្ទះ។ ហើយត្រូវដំាដំណាំ បន្លែរួមផ្សំនៅក្នុងបរិវេណផ្ទះរបស់ខ្លួន ដើម្បីបង្កើនចំណូល និងកាត់បន្ថយការចំណាយបានមួយផ្នែកផងដែរ។

នាឳកាសប្រជាពលរដ្ឋងាយរងគ្រោះខាងលើ បានសម្តែងនូវទឹកចិត្តរំភើប ខ្លះសើចផង យំផង ព្រោះគ្រាដ៏លំបាកនេះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅតែគិតគូរ ហើយគិតគូរជាខ្លាំង និងជាប់ជានិច្ច ដោយផ្តល់ទាំងថវិកា ស្បៀងអាហារ សម្ភារចាំបាច់ ជាច្រើនជាប់រហូតមកដល់ពេលនេះ អ្នកម្តាយមនុស្ស គឺត្រូវបានប្រជាជននៅទីនេះចាត់លោកអ្នកមានគុណ និងជាម្តាយទីពីររបស់ប្រជាជនផងដែរ។

សូមជម្រាបថា អំណោយដែលត្រូវបានចែកជូនដល់គ្រួសារជនភៀសសឹក និងអតីតយុទ្ធជន ចំនួន ១០៦២គ្រួសារ មកពីស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ក្នុងនោះស្រុកចុងកាល់ មានចំនួន ១ឃុំដែលមាន២ភូមិ មានចំនួន ១៩៥គ្រួសារ ស្រុកបន្ទាយអំពិល មាន៣ឃុំក្នុងនោះមាន១១ភូមិ ដែលមានចំនួនប្រជាជន ៤៧៨គ្រួសារ និងក្រុងសំរោង មាន ២ឃុំ ដែលមានចំនួន ១០ភូមិ ហើយប្រជាជន៣៨៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស,ត្រីខ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា២ដប, ម្សៅសាប៊ូ ២ថង់, ឃីត (សារុង ក្រមា មុង ភួយ) ១ឃីត និងថវិកាមួយចំនួន ដែលព្រះរាជអំណោយទាំងនេះ ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដមផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត។

ឆ្លៀតក្នុងឱកាសនេះដែរលោក យូ ឡាណា ក៏បានប្រគល់ជូននូវធុងទឹកចំនួន២៣០ធុង ជូនដល់លោក មាន ចាន់យ៉ាដា ប្រគល់បន្តឱ្យប្រជាពលរដ្ឋភៀសសឹកសម្រាប់ប្រើប្រាស់ ហើយធុងទឹកប្រគល់ជូននាពេលនេះ ជាអំណោយរបស់សប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា៕