FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការសង្គមស៊ីវិលក្នុងខេត្តពោធិ៍សាត់ ប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំរុញបរិវត្តកម្មឌីជីថល​ក្នុងសហគមន៍ឈានទៅកសាងសង្គមឌីជីថលនៅកម្ពុជា

18-08-2026 16:26

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​​​ភិបាល វ.ស.ស. និងលោក សំ ណារិទ្ធិ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ថ្លែងក្នុងអង្គវេទិកាសន្ទនាដែល​មានការអញ្ជើញចូលរួម​ពីតំណាង​អង្គការសង្គមស៊ីវិលក្នុងខេត្តពោធិ៍សាត់ និងអាជ្ញាធរ​​មូលដ្ឋានជាច្រើននាក់ លោក ប៉ៃ សំបូរ​ បានថ្លែងនូវការកោតសរសើរ​ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាង​អាជ្ញាធរ​​មូលដ្ឋាន​និងអង្គការសង្គមស៊ីវិល​ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់​សុខដុមនីយកម្ម​សង្គម​ស៊ីវិល​ និង​រួមគ្នាជំរុញឱ្យមានការអភិវឌ្ឍសហគមន៍កាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំ​ប្រកប​ដោយ​​គតិបណ្ឌិត និងថាមវន្ត​​របស់សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​​កម្ពុជា។

លោក​ក៏បានលើកទឹកចិត្ត​ដល់អង្គការសង្គមស៊ីវិល​​​ជំរុញឱ្យយុវជនតាមសហគមន៍​ចុះឈ្មោះចូលរួម​វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនានា នៅវិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដើម្បីទទួលបានឱកាស ការងារនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយលើកកម្ពស់​ជីវភាព​រស់នៅកាន់តែល្អប្រសើរ។

ក្នុងឱកាសនេះដែរ លោក សំ ណារិទ្ធិ បានថ្លែងនូវការកោតសរសើរ​​និង​វាយតម្លៃខ្ពស់​ចំពោះការចូលរួមចំណែកយ៉ាងសកម្ម​របស់អង្គការសង្គមស៊ីវិល ​ក្នុងការអភិវឌ្ឍខេត្តពោធិ៍សាត់នាពេល​កន្លងមក។ លោកបានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រនិងចូលរួមដោយស្មោះត្រង់ក្នុងភាពជាដៃគូជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ និងត្រូវអនុវត្តតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីចូលរួមលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យនិងនីតិរដ្ឋ ព្រមទាំងបន្តចូលរួម​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទប់ស្កាត់ការ​ឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុងមូលដ្ឋាន។​

ទន្ទឹមនឹងនេះ លោកស្រី ឡូវ សំណាន ប្រធានបណ្តាញ វ.ស.ស. ប្រចាំខេត្តពោធិ៍សាត់ ក្នុងនាម​តំណាង​អង្គការសង្គមស៊ីវិល​ក្នុងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ​ដែលតែងតែយកចិត្តទុកដាក់ខ្ពស់និងផ្តល់ការសម្របសម្រួលយ៉ាងកក់ក្តៅជាមួយអង្គការសង្គមស៊ីវិល។ លោកស្រីក៏បានស្នើសុំឱ្យ វ.ស.ស. ពិនិត្យលទ្ធភាពក្នុងការរៀបចំ​កិច្ចប្រជុំថ្នាក់ស្រុក​ជាមួយសមាជិកដៃគូសហប្រតិបត្តិការ វ.ស.ស. ឱ្យបានមួយដងក្នុងមួយឆ្នាំ ដើម្បីសិក្សាឈ្វេងយល់អំពីបញ្ហាប្រឈម​និងការពង្រឹងសមត្ថភាព​របស់សមាជិកដៃគូសហប្រតិបត្តិការ វ.ស.ស.។

ក្នុងអង្គវេទិកានេះដែរ លោក ហ៊ាង សុបញ្ញា អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភា​​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូលរួម​ធ្វើបទបង្ហាញជូនអង្គវេទិកា ស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថល និងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការ​សង្គមស៊ីវិល» ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕