FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រួមគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ឈាមតែមួយ បេះដូងតែមួយ»

18-08-2026 16:24

(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ឈាមតែមួយ បេះដូងតែមួយ”។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. តំណាងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ព្រមទាំងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង គ.ល.ក., ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន គ.ល.ក.។

ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ល.ក. គឺជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ និងជាគំរូដ៏ល្អមួយ ក្នុងការរួមចំណែកជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកជំងឺទូទៅដែលកំពុងត្រូវការឈាមជាចាំបាច់ និងបន្ទាន់នៅតាមបណ្តាមន្ទីរពេទ្យនានា។

សកម្មភាពនេះមិនត្រឹមតែបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកសេចក្តីស្រឡាញ់ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ល.ក. ចំពោះសុខុមាលភាពសាធារណៈផងដែរ។

បន្ថែមពីលើគុណតម្លៃផ្នែកមនុស្សធម៌ដែលមិនអាចកាត់ថ្លៃបាន ការបរិច្ចាគឈាមក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នកបរិច្ចាគផ្ទាល់ផងដែរ។ អត្ថប្រយោជន៍ទាំងនោះរួមមាន ការជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង, ជំរុញឱ្យរាងកាយផលិតកោសិកាឈាមក្រហមថ្មីៗដែលធ្វើឱ្យចរន្តឈាមដើរស្រួល និងសុខភាពកាន់តែល្អប្រសើរ, ព្រមទាំងផ្តល់ឱកាសក្នុងការពិនិត្យសុខភាពជាមូលដ្ឋានដោយឥតគិតថ្លៃមុនពេលបរិច្ចាគ។ លើសពីនេះ ការធ្វើអំពើល្អតាមរយៈការបរិច្ចាគឈាម ក៏ជួយលើកកម្ពស់សុខភាពផ្លូវចិត្ត ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងមានមោទកភាពចំពោះខ្លួនឯងដែលបានក្លាយជាចំណែកមួយក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃ។

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរស្មារតីសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានលះបង់ពេលវេលា និងស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះ។

ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលបានធានាឱ្យកម្មវិធីនេះដំណើរការទៅដោយរលូន សុវត្ថិភាព និងទទួលបានជោគជ័យគួរជាទីមោទនៈ៕