FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនឪពុកយុទ្ធជនជួរមុខ

18-08-2026 15:37

(ស្ទឹងត្រែង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍សាខា រួមជាមួយលោក សុវណ្ណ ពិសេដ្ឋ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសេសាន និងក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅជូនលោក ចឹត ឃុន អាយុ៦១ឆ្នាំ ដែលជាឪពុករបស់យុទ្ធជនកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញបេសកកម្មនៅទិសភ្នំទ្រព្យ និងកំពុងជួបប្រទះបញ្ហាសុខភាព។

លោក ចឹត ឃុន មានទីលំនៅក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង និងកំពុងមានជំងឺលើសសម្ពាធឈាម ព្រមទាំងមានអាការៈពិការមួយចំហៀងខ្លួន ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃមានការលំបាក និងត្រូវការការយកចិត្តទុកដាក់ពីក្រុមគ្រួសារ ព្រមទាំងការជួយឧបត្ថម្ភពីសប្បុរសជន និងស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកស្រី សន សុខា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយបានបញ្ជាក់ថា ប្រធានសាខាតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាក គ្រួសារក្រីក្រ ជនងាយរងគ្រោះ និងអ្នកដែលកំពុងប្រឈមបញ្ហាសុខភាព។

លោកស្រីបានបញ្ជាក់ថា សកម្មភាពចុះសួរសុខទុក្ខ និងផ្តល់ជំនួយមនុស្សធម៌នេះ គឺជាការចូលរួមចំណែកជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅពេលជួបប្រទះបញ្ហា និងជាការបង្ហាញពីស្មារតីមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលតែងតែឈរជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ជាមួយគ្នានេះ លោកស្រី សន សុខា ក៏បានលើកទឹកចិត្តដល់លោក ចឹត ឃុន និងក្រុមគ្រួសារ ឱ្យមានស្មារតីរឹងមាំ បន្តថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឱ្យស្ថានភាពសុខភាពមានភាពប្រសើរឡើង។ លោកស្រីក៏បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹងបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះនៅក្នុងមូលដ្ឋាន តាមលទ្ធភាព និងតម្រូវការជាក់ស្តែង។

អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកទៅផ្តល់ជូនលោកចឹត ឃុន រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីត១កញ្ចប់ ដែលមានមុង១ ភួយ១ សារុង១ និងក្រមា១ ព្រមទាំងថវិកាចំនួន ២០០,០០០រៀល។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសេសាន ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល បន្ថែមទៀត។

សកម្មភាពនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានសមាជិកកំពុងបំពេញភារកិច្ចការពារជាតិ និងប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាសុខភាព និងជីវភាពរស់នៅ។

តាមរយៈសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់នេះ កាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានបន្តបង្ហាញពីស្មារតី «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ដោយផ្តោតលើការជួយសម្រាលទុក្ខលំបាក និងផ្តល់ការគាំពារដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយនៅក្នុងមូលដ្ឋាន៕