ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២គ្រួសារ នៅឃុំព្រៃតូច ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី
18-08-2026 15:30
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយលោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ើងតំបូលផ្ទះចំនួន២គ្រួសារ (២ខ្នងផ្ទះ) មកពីភូមិចំនួន២ក្នុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក ឡុង សុភឺន បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក សុខ លូ ប្រធាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយ ចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់បងប្អូនដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកប្រធានអនុសាខាបានបន្តទៀតថា ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ទន្ទឹមនោះ លោកប្រធានអនុសាខាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់ មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានាដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗ ទទួលបានអំណោយពីអនុសាខារួមមាន ៖ អង្ករ២០គក្រ, ឃីត១កញ្ចប់(មុង, ភួយ,កន្ទេល,ខ្នើយ), ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី១កេស, កៅស៊ូតង់១ផ្ទាំង និងថវិកា៤ម៉ឺនរៀលផងដែរ៕





