ព័ត៌មានលម្អិត៖ ដុតកម្ទេចចោលបារីក្លែងក្លាយ ៦០ម៉ាកនៅខេត្តត្បូងឃ្មុំ
18-08-2026 14:39
(ត្បូងឃ្មុំ)៖ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីដុតបំផ្លាញចោលបារីក្លែងក្លាយ សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ផលិតបារីក្លែងក្លាយសរុបប្រមាណ ៤០០តោន តាមដីកាសម្រេចរបស់សាលាដំបូងខេត្តត្បូងឃ្មុំ។ ពិធីនេះធ្វើឡើងថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងដីឡូត៍ឋានសួគ៌ថ្មី ភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក លី សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី សំណាក់ប្រតិភូ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត តំណាងស្ថាប័នអយ្យការ តុលាការ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីតំណាង HIS សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្ថានតំណាងគយបារាំង ភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធជាច្រើនរូប។
លោក លី សុផាន់ណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានសហការគ្នាបង្ក្រាបទីតាំងផលិតបារី ខុសច្បាប់នេះទទួលបានជោគជ័យ។
លោកបានបញ្ជាក់ថា «ការដុតបំផ្លាញវត្ថុតាងនៅថ្ងៃនេះ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបការផលិត ការជួញដូរ ចរាចរណ៍ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឱ្យ បាត់បង់ចំណូលពន្ធរដ្ឋ។ លើសពីនេះ សកម្មភាពនេះក៏ជាការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ធានាសុវត្ថិភាពសង្គម និងបង្កើនការគាំទ្រ ព្រមទាំងទំនុកចិត្តដល់វិនិយោគិន និងប្រជាពលរដ្ឋផងដែរ»។
វត្ថុតាងទាំងអស់ត្រូវបានឆាបឆេះ និងដុតកម្ទេចដោយផ្ទាល់នៅនឹងកន្លែង ដើម្បីធានាអះអាងថា គ្រឿងសម្ភារខុសច្បាប់ទាំងនេះ ត្រូវបានបញ្ចៀសទាំងស្រុង មិនអាចហូរចូលទីផ្សារជាថ្មីបានឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក លី សុផាន់ណា។
របាយការណ៍បានគូសបញ្ជាក់បន្ថែមថា ការបង្ក្រាបទីតាំងផលិត និងការដុតបំផ្លាញវត្ថុតាងម៉ាកបារីក្លែងក្លាយនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា វត្ថុតាងដែលត្រូវបាននាំយកមកដុតកម្ទេចចោលយ៉ាងសន្ធឹកសន្ធាប់នេះ រួមមាន៖ បារីក្លែងក្លាយជាង ៦០ម៉ាក ដូចជាម៉ាក Marlboro, ESSE, MEVIUS, 555 MEVIUS, Camel, Winston, Seven Starsរួមទាំងបារីចិន និងបារីម៉ាកបរទេសជាច្រើនទៀត សរុបប្រមាណ ៤០០តោន។
វត្ថុតាងទាំងនេះ គឺជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងរោងចក្រចំនួន ៦កន្លែង និងឃ្លាំងស្តុក ១កន្លែង នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ៕










