មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការផ្សព្វផ្សាយពីស្នាដៃនីតិសាស្ត្រ រួមចំណែកដល់ការពង្រឹង និងការកសាងសមត្ថភាពធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
18-08-2026 14:00
(ភ្នំពេញ)៖ លោក ស៊ាង ផល្លា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ជូនដល់សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ២២៧អង្គ/នាក់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
លោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ឱ្យដឹងថា ក្នុងបរិបទដែលកម្ពុជា កំពុងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ សម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ការពង្រឹងចំណេះដឹងផ្នែកនីតិកម្ម និងការអនុវត្តច្បាប់ប្រកបដោយវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ក្នុងការ កសាងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមត្ថភាពឆ្លើយតបទាន់ពេលវេលា ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ សិក្ខាសាលានេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ផ្សព្វផ្សាយចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាវេទិកាមួយសម្រាប់ជំរុញឱ្យសិស្សមន្ត្រី និងកម្មសិក្សាការី ចេះគិត ចេះវិភាគ និងចេះអនុវត្តគោលការណ៍ច្បាប់ ទៅតាមបរិបទការងារ រដ្ឋបាលនាពេលបច្ចុប្បន្ន និងអនាគតទៀតផង។ នៅក្នុងឱកាសលោកក៏បានផ្តាំផ្ញើដល់មន្ត្រីក្រមការ និងកម្មសិក្សាការីទាំងអស់ថា ចំណេះដឹងផ្នែកនីតិកម្ម គឺជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្ត ការដឹកនាំគ្រប់គ្រង និងការផ្តល់សេវាបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និង យុត្តិធម៌។
នាឱកាសនោះលោក ស៊ាង ផល្លា បានបញ្ជាក់ឱ្យដឹងថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ការងារនីតិកម្ម ព្រមទាំងស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម សំដៅរួមចំណែកដល់ការពង្រឹង និងការកសាងសមត្ថភាពធន ធានមនុស្សក្នុងរដ្ឋបាលសាធារណៈ និងជាពិសេស ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព ស្ថាប័នសាធារណៈនៅកម្ពុជា។
លោកបានមានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវិវត្តចេញពីនាយកដ្ឋាននីតិកម្ម ទៅជាទម្រង់ស្ថាប័នក្រុមប្រឹក្សា ដែលស្ថិតក្រោមការដឹកនាំផ្ទាល់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ជាង ១ទសវត្សរ៍កន្លងមកនេះ ក្រុមប្រឹក្សានីតិកម្ម បានបង្កើតស្នាដៃជានីតិសាស្ត្រនិងសៀវភៅស្រាវជ្រាវប្រមាណ ៣២ មុខ ព្រមទាំងបានបង្កើតសេវាប្រឹក្សាយោបល់ទាំងផ្នែកនីត្យានុកូលភាព និងសមានគតិភាព និងបានបង្កើតបណ្ណាល័យអេឡិចត្រូនិក ដើម្បីជាគុណប្រយោជន៍ដល់មន្ត្រីរាជការ សិស្ស និស្សិត សាស្ត្រាចារ្យ និងអ្នកសិក្សាស្រាវជ្រាវ។
លោក ស៊ាង ផល្លា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ឱកាសនេះ ដើម្បីស្តាប់ សិក្សា សួរសំណួរ និងផ្លាស់ប្តូរយោបល់យ៉ាងសកម្ម ជាពិសេសសូមព្យាយាមស្វែងរកចម្លើយចំពោះសំណួរមួយថា តើយើងអាចយកចំណេះដឹងពីក្រមលក្ខណឥន្ទភាស និងបទពិសោធន៍ការងារនីតិកម្មនាពេលបច្ចុប្បន្ន ទៅចូលរួមកសាងប្រព័ន្ធច្បាប់ និងរដ្ឋបាលសាធារណៈរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើងយ៉ាងដូចម្តេច?។
លោក ស៊ាង ផល្លា ជឿជាក់ថា ចម្លើយដែលយើងទទួលបានពីការសិក្សាស្វែងយល់ និងការជជែកពិភាក្សានាពេលនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់ការបំពេញការងាររបស់សិក្ខាកាមម្នាក់ៗ នោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់ការកសាង វប្បធម៌នីតិរដ្ឋ ការគោរពច្បាប់ និងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានគុណភាព និងប្រសិទ្ធភាពសម្រាប់កម្ពុជាផងដែរ៕
















