FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ គោលដៅរបស់យើង មិនមែនផលិតឱ្យបានច្រើនបំផុតនោះទេ ប៉ុន្តែត្រូវឱ្យមានផលិតភាពខ្ពស់ ​មានប្រាក់ចំណេញខ្ពស់ និងមានភាពធន់ និងស្ថិរភាព (Video inside)

18-08-2026 13:45

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា គោលដៅរបស់យើងនៅខេត្តកំពង់ធំនេះ មិនមែនផលិតឱ្យបានច្រើនបំផុតនោះទេ ប៉ុន្តែត្រូវឱ្យមានផលិតភាពខ្ពស់ ​មានប្រាក់ចំណេញខ្ពស់ និងមានភាពធន់ និងស្ថិរភាព។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីបើក និងដឹក​នាំ​សិក្ខាសាលាពិគ្រោះយោបល់ស្តីពី​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «គោលដៅរបស់យើង មិនមែនផលិតឲ្យបានច្រើនបំផុតទេ ក៏ប៉ុន្តែផលិតឲ្យមានផលិតភាពខ្ពស់ មានប្រាក់ចំណេញខ្ពស់ និងមានភាពធន់ និងស្ថិរភាព នេះគឺជាគោលដៅរយៈពេលវែង»

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្ថែមទៀតថា «យើងត្រូវការផែនការ យើងធ្វើការការគ្រប់គ្រង យើងធ្វើការ Ecosystem មួយ ដែលនាំយើងទៅរកការចំណេញ ទៅរកភាពខ្លាំងភាពធន់ និងចីរភាពនៃការអភិវឌ្ឍ»

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការបានឲ្យដឹងថា ការច្នៃប្រឌិតបច្ចេកទេស ការប្រើប្រាស់ធាតុចូលឲ្យមានប្រសិទ្ធភាព និងការគ្រប់គ្រងថ្លៃដើម ត្រូវក្លាយជាផ្នែកស្នូលនៃការបង្កើនប្រាក់ ចំណេញសម្រាប់កសិករ។ ការកាត់បន្ថយថ្លៃដើមមួយរៀល អាចមានតម្លៃស្មើនឹងការបង្កើនតម្លៃលក់មួយរៀល ហើយក្នុងករណីខ្លះ អាចធ្វើបានងាយ និងមានចីរភាពជាង។

លោកបានឲ្យដឹងទៀតថា យើងត្រូវដឹងជាមុនថាទីផ្សារ ត្រូវការផលិតផលអ្វី ដែលមានគុណភាពមានតម្លៃប្រកួតប្រជែង និងមានស្តង់ដាក្នុងកម្រិតមួយ ដូច្នេះយើងត្រូវដឹងថា យើងផលិតបរិមាណប៉ុន្មាន ដើម្បីធ្វើឲ្យតម្លៃរបស់យើងចំណេញ ហើយធ្វើឲ្យតួអង្គទាំងអស់ ក្នុងខ្សែច្រវាក់តម្លៃរបស់យើងនេះ។

បើតាមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត, ផលិតភាព និងប្រាក់ចំណេញ យើងច្រើនតែវាស់វែងជោគជ័យ និងលទ្ធផលការងាររបស់យើង តាមទំហំផ្ទៃដី បរិមាណផលិត និងទិន្នផល ប៉ុន្តែកសិកររស់ដោយសារប្រាក់ចំណូលសុទ្ធ ពីការលក់កសិកម្ម ឬពីការធ្វើកសិកម្ម។ ដូច្នេះ យើងត្រូវមើលទាំងផលិតភាពដី, ទឹក, កម្លាំងពលកម្ម, ថ្លៃដើម, តម្លៃលក់, ការខាតបង់ ហានិភ័យ ដើម្បីឲ្យឃើញពីស្ថានភាពសេដ្ឋកិច្ច ពីការផ្លាស់ប្ដូរសេដ្ឋកិច្ច ពីកន្លែងដែលយើងត្រូវកែប្រែតម្រង់ទិសទៅមុខទៀត៕

សូមស្តាប់ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖