FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យ​កែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែម ដោយមិនបញ្ចប់ត្រឹមតែនាំចេញស្រូវ ឬ​ស្វាយចន្ទី​​ស្រស់នោះទេ (Video inside)

18-08-2026 13:40

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមាន​កែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែម ដោយមិនបញ្ចប់ត្រឹមតែនាំចេញស្រូវ ឬ​ស្វាយចន្ទី​​ស្រស់នោះទេ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើក និងដឹក​នាំ​សិក្ខាសាលាពិគ្រោះយោបល់ស្តីពី​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា សម្រាប់គោលដៅក្នុងខេត្តកំពង់ធំ គឺមិនមានតែការពឹងផ្អែកលើកសិកម្មប៉ុណ្ណោះទេ ប៉ុន្ដែត្រូវប្រើមូលដ្ឋានដល់ធំនេះជំរុញកសិកឧស្សាហកម្ម សេវាកម្ម ការវិនិយោគ និងតម្លៃបន្ថែមកាន់តែខ្ពស់។ កំពង់ធំ មានដី, ទឹក, មានបឹងទន្លេសាប ព្រមទាំងមានស្ទឹង៤ធំៗ ដូច្នេះផលិតផលមានសក្ដានុពលមានជាច្រើន ដែលអាចតភ្ជាប់ទៅភ្នំពេញ សៀមរាប ព្រមទាំងបណ្ដាខេត្តជុំវិញ និងអាចអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលកែច្នៃ ប្រមូលផ្ដុំ និងចែកចាយផលិតផល។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ថា «បញ្ហាសំខាន់មិនមែនផ្តោតលើសក្ដានុពលមួយមុខនោះទេ ប៉ុន្ដែគឺការរៀបចំធ្វើយ៉ាងណាឲ្យសក្ដានុពលនេះ ប្រែក្លាយជាប្រព័ន្ធសេដ្ឋកិច្ច ដែលមានប្រសិទ្ធិភាព និងប្រទាក់ក្រឡាគ្នា ជាក់ស្ដែងស្រូវមិនគួរបញ្ចប់ត្រឹមការលក់ស្រូវប៉ុណ្ណោះទេ គឺត្រូវបញ្ចប់ដោយការលក់អង្ករ ឬការកែច្នៃអង្ករទៅជាម្ហូបអាហារ ឬចំណីសត្វ។ ចំណែកស្វាយចន្ទីមិនគួរបញ្ចប់ត្រឹមការលក់គ្រាប់ឆៅនោះទេ ដំឡូងមី កៅស៊ូ ជលផល ក៏ដូចគ្នាដែលយើងត្រូវពិនិត្យមើលថា តើទំនិញនីមួយៗអាចបង្កើតការកែច្នៃ បច្ចេកវិទ្យា ហិរញ្ញវត្ថុ ជំនាញ និងទីផ្សារក្នុងខេត្តកំពង់ធំនេះ»