FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៉ី ពេញចិត្តវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ

18-08-2026 12:10

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដែលនេះជាជំនួបលើកដំបូងរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរ ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ សមភាគីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង ចំណងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើឯកសារលក្ខខណ្ឌប្រតិបត្តិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោកទាំងពីរ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានថ្លែង អំណរគុណចំពោះ ការរួមចំណែកដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកកាន់ប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តនៅបណ្តោយព្រំដែន កម្ពុជា-ថៃ។

មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត និងបានឯកភាពបន្តរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកម៉ាឡេស៊ីឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយមិត្តភាព ដែលឆ្លុះបញ្ចាំងពី ចំណងមិត្តភាព ទំនុកចិត្ត និងភាពជាដៃគូដែលកាន់តែរឹងមាំរវាងកងទ័ពជើងគោកទាំងពីរ៕