FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយកិច្ចប្រជុំជាមួយមន្ត្រីជំនាញនៃក្រសួងការងារ រោងចក្រ នីឌិច ដាយ ខាសធីង ដែលគ្រោងបិទទ្វារដោយសារការឈ្លានពានរបស់ថៃ ឯកភាពផ្តល់ការគិតគូរអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត

18-08-2026 11:42

(ភ្នំពេញ)៖ ក្រោយកិច្ចប្រជុំជាមួយមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រុមហ៊ុន នីឌិច ដាយ ខាសធីង (ខេមបូឌា) ឯ.ក ដែលគ្រោងបិទដំណើរការដោយសារផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ បានឯកភាពគិតគូរ និងទូទាត់សិទ្ធិ អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិត ស្របតាមច្បាប់ស្តីពីការងារ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។

ការឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ រវាងមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុន ដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើការអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការបញ្ចប់ដំណើរការរបស់ក្រុមហ៊ុន ជាពិសេសការធានាសិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

លោក ស៊ុន មេសា បញ្ជាក់ថា៖ «ក្រុមហ៊ុនបានឯកភាពគិតគូរអត្ថប្រយោជន៍ជូនកម្មករនិយោជិតដែលពាក់ព័ន្ធនឹងការបញ្ចប់ការងារ រួមមាន ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់ ការគិតគូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងអត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតមានសិទ្ធិទទួលបាន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានឯកភាពបន្តសហការជាមួយមន្ត្រីជំនាញ ដើម្បីឱ្យការអនុវត្តនីតិវិធី និងការទូទាត់ជូនកម្មករនិយោជិតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងស្របតាមច្បាប់»

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសង្កត់ធ្ងន់ថា អាទិភាពរបស់ក្រសួង គឺធានាថា បងប្អូនកម្មករនិយោជិតទទួលបានសិទ្ធិ និងអត្ថប្រយោជន៍របស់ពួកគាត់ពេញលេញស្របតាមច្បាប់។ យើងបានចុះធ្វើការជាមួយក្រុមហ៊ុនជាមុន ដើម្បីពិនិត្យ និងតាមដានការអនុវត្ត ហើយក្រសួងនឹងបន្តតាមដានរហូតដល់ការទូទាត់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតត្រូវបានអនុវត្តត្រឹមត្រូវតាមច្បាប់។

ទន្ទឹមនឹងការធានាសិទ្ធិ និងអត្ថប្រយោជន៍ ក្រសួងតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏នឹងជួយចុះឈ្មោះ និងផ្គូផ្គងការងារថ្មីជូនបងប្អូនកម្មករនិយោជិតដែលមានបំណងស្វែងរកការងារ ដើម្បីជួយឱ្យពួកគាត់អាចបន្តមានការងារ និងប្រាក់ចំណូល។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តសហការជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីធានាថា ដំណើរការបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុន និងការគិតគូរអត្ថប្រយោជន៍ជូនកម្មករនិយោជិត ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងស្របតាមច្បាប់ស្តីពីការងារ៕