FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការសមាគមខ្មែរកម្ពុជាក្រោម និងក្រុមការងារលោក សាន សាង នាំយកទឹកពិសារបរិសុទ្ធ និងស្បៀងអាហារមួយចំនួនធំប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង

18-08-2026 10:57

(ឧត្តរមានជ័យ)៖ អង្គការសមាគមខ្មែរកម្ពុជាក្រោម រួមជាមួយព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម និងលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកទឹកបរិសុទ្ធជិត ១ពាន់កេស និងស្បៀងអាហារមួយចំនួនធំ ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

នៅក្នុងការនិមន្ត និងអញ្ជើញចុះសួរសុខទុក្ខព្រមទាំងសំណេះសំណាលជាមួយឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង និងវីរកងទ័ព ដែលស្ថិតក្នុងកងតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ព្រមទាំងបាននាំយកទឹកពិសារបរិសុទ្ធជិត១ពាន់កេស ដែលជាអំណោយរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសប្បុរសជននោះរួមមាន៖ ទឹកពិសារបរិសុទ្ធ៥០០កេស សាច់ជ្រូក មី ត្រីខកំប៉ុង ប្រហុក ផ្អក់ និងស្បៀងអាហារមួយចំនួនផ្សេងទៀត ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនដល់បងៗវីរកងទ័ពផងដែរ។

ក្នុងឱកាសនោះ លោក សាន សាង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនឧត្តមសេនីយ៍ទោ នាង ឃីម និងវីរកងទ័ព ដែលស្ថិតក្នុងកងតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ដែលមានវត្តមាននៅទីនេះក៏ដូចជាកំពុងឈរជើងការពារនៅតាមព្រំដែនផងដែរ។

លោក សាន សាង បានថ្លែងថា ការនាំយកទឹកពិសារបរិសុទ្ធមក និងស្វបៀងអាហារមួយចំនួនធំប្រគល់ជូនវីរកងទ័ពនាពេលនេះគឺជាលើកទី១៩ហើយ និងជាការចូលរួមចំណែកតូចមួយក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី សន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា អំណោយទឹកបរិសុទ្ធចំនួន៥០០កេស និងស្បៀងអាហារមួយចំនួនធំនេះ បង្ហាញពីទឹកចិត្តស្រឡាញ់ ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរមុខ។ យើងទាំងអស់គ្នាដែលជាអង្គការសមាគមខ្មែរកម្ពុជាក្រោម និងព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រមទាំងបងប្អូនខ្មែរដើមកំណើតខ្មែរទាំងអស់តែងតែនៅពីក្រោយខ្នង និងគាំទ្រកងទ័ពជានិច្ច។

ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ នាង ឃីម តំណាងមេបញ្ជាការរង និងពលទាហាន នាយទាហាន នាយទាហានរង នៃកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះអង្គការសមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម និងលោក សាន សាង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងនាំយកអំណោយមកឧបត្ថម្ភដល់កងកម្លាំងនៅជួរមុខ។

ឧត្តមសេនីយ៍ទោ នាង ឃីម បានលើកឡើងថា អំណោយជាទឹកពិសារបរិសុទ្ធ និងស្បៀងអាហារមួយចំនួនធំដែលបានប្រគល់ជូននាពេលនេះ មិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវកម្លាំងចិត្ត ការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសប្បុរសជនចំពោះកងទ័ព ដែលកំពុងបំពេញបេសកកម្ម ការពារជាតិ។

ឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ពីការប្តេជ្ញាបន្តគោរពវិន័យ ឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងរក្សាសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានគង់វង្ស ស្របតាមភារកិច្ចដែលថ្នាក់ដឹកនាំ និងប្រជាជនបានប្រគល់ជូន៕