FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង៦០៣បណ្ដឹង ដោះស្រាយបាន ៥៤៤បណ្ដឹង ក្នុងឆមាសទី១ ឆ្នាំ២០២៦

17-08-2026 17:23

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៦០៣បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ៤៦បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន២៤បណ្ដឹង។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុបបានកើនឡើង២០២បណ្ដឹង ស្មើនឹង៥០ភាគរយ។

បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ៦១បណ្ដឹង ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ១៣២បណ្ដឹង មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ៧បណ្ដឹង មន្ត្រីរាជការជាមួយនឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការសរុប ៣២៤បណ្ដឹង ខណៈពាក្យបណ្ដឹងដែលអគ្គាធិការមានសរុបចំនួន៧២៤បណ្ដឹង ក្នុងនោះពាក្យដែលបានបន្តនីតិវិធីកន្លងមកមានចំនួន១៩១បណ្ដឹង។

ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ ទទួលបានតាមរយៈ តាមទំព័រហ្វេសប៊ុកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន៥បណ្ដឹង តាមការបញ្ជាផ្ទាល់ពី ឧបនាយករដ្ឋមន្ត្រី ស សុខា មានចំនួន៨បណ្ដឹង តាមរយៈក្រុមការងារហ្វេសប៊ុកឧបនាយករដ្ឋមន្ត្រី ស សុខា ចំនួន៣បណ្ដឹង តាមរយៈការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួងមហាផ្ទៃ ២៨បណ្ដឹង តាមប្រព័ន្ធអនឡាញ ១៨២បណ្ដឹង តាមការស្រង់មតិយោបល់ពីទំព័រហ្វេសប៊ុកអគ្គាធិការដ្ឋាន ១០បណ្ដឹង និងស្រង់ខ្លឹមសារសារព័ត៌មានតាមបណ្ដាញសង្គម សរុប៣៦៧បណ្ដឹង។

បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន២៣៧របាយការណ៍។ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយ អគ្គាធិការដ្ឋាន បានពិនិត្យចាត់ចែងពាក្យបណ្ដឹង និងបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន៣៩៦បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន១៨៦របាយការណ៍។ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានក៏បានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវ ៤៤បណ្ដឹង និងចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចំនួន ៥គោលដៅ ស្មើនឹង ១៦ស.ជ.ណ។

ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ឱ្យដឹងថា ជារួមលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានបានដោះស្រាយពាក្យបណ្ដឹងចំនួន៥៤៤បណ្ដឹង ស្មើនឹង ៧៥ភាគរយ នៃបណ្ដឹងសរុប ដែលចំនួននេះបានកើនឡើង ៨ភាគរយ បើធៀបនឹងលទ្ធផលដោះស្រាយក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈបណ្ដឹងនៅសេសសល់១៨០បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត៕