FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តពោធិ៍សាត់ ប្តេជ្ញាខ្ពស់ពង្រឹងតម្លាភាព និងប្រសិទ្ធភាពមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ឱ្យចំគោលដៅអភិវឌ្ឍន៍មូលដ្ឋាន

17-08-2026 17:14

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង, រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ ស្តីពីការពង្រឹងការប្រើប្រាស់មូលនិធិក្រុង ស្រុក ឃុំ សង្កាត់ និងគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះក៏មានការចូលរួម ពីសំណាក់លោកស្រីអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោកអនុប្រធានរតនាគារខេត្ត, លោកនាយក នាយករងទីចាត់ការអន្តរវិស័យ, លោក លោកស្រី អភិបាលក្រុង-ស្រុក, លោក លោកស្រី មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ-សង្កាត់ ទាំង៤៩។

ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បានដាក់ចេញនូវអនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំគ្រោងថវិកាឃុំ សង្កាត់ និងក្រុង ស្រុក ឱ្យចំគោលដៅអាទិភាព ដោយមានជំនួយពីគណៈកម្មាធិការកសាងផែនការ និងថវិកា ជាសេនាធិការ ត្រូវរៀបចំផែនការ និងថវិការបស់ខ្លួន។ ត្រូវផ្តោតលើការគាំទ្រគម្រោង ឬសកម្មភាពដែលមានអាទិភាពខ្ពស់ ជាពិសេសយកចិត្តទុកដាក់ជ្រើសរើសគម្រោង ឬសកម្មភាពសេវាសង្គម ដែលមានកំណត់ក្នុងសារាចរណែនាំលេខ ០០៧ ដោយប្រើប្រាស់កញ្ចប់ថវិកាសេវាសង្គម និងអនាម័យបរិស្ថានឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ជាមួយគ្នានោះ លោកបានជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបិតផ្សាយផែនការថវិកាសង្ខេប ផែនការថវិកាកែតម្រូវ រួមទាំងរបាយការណ៍ចំណូល-ចំណាយប្រចាំខែ នៅលើក្តារខៀនព័ត៌មានផ្លូវការ និងអាចបង្ហោះនៅលើគេហទំព័រ ឬគណនីហ្វេសប៊ុក (Facebook) របស់រដ្ឋបាលនីមួយៗ ដើម្បីបង្ហាញពីតម្លាភាព ក្នុងការប្រើប្រាស់ថវិការដ្ឋ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំ និងការគ្រប់គ្រងគម្រោង សម្រាប់ផែនការឆ្នាំ២០២៧ រដ្ឋបាលក្រុង ស្រុក ទាំង៧ ត្រូវតែរៀបចំព័ត៌មានគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់មូលនិធិក្រុង ស្រុក ឱ្យបានរួចរាល់ ដោយត្រូវដាក់ឆ្លងមន្ទីរពាក់ព័ន្ធ និងទីចាត់ការផែនការ និងវិនិយោគ ស្របតាមសៀវភៅណែនាំស្តីពីការរៀបចំគម្រោងមូលនិធិក្រុង ស្រុក។ ដោយឡែកអ្នកបច្ចេកទេសត្រូវយកចិត្តទុកដាក់សិក្សាតម្លៃគម្រោងឱ្យបានកាន់តែសុក្រឹត ដោយចៀសវាងដាច់ខាតនូវការកំណត់តម្លៃថ្លៃខ្លាំងខុសពីការពិត។

លោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថា មុនពេលចាប់ផ្តើមអនុវត្តគម្រោង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំបើកការដ្ឋានគម្រោងជាចាំបាច់។ ទន្ទឹមនឹងនេះ អ្នកបច្ចេកទេសត្រូវរៀបចំកិច្ចប្រជុំណែនាំ និងបណ្តុះបណ្តាលដល់គណៈកម្មការគ្រប់គ្រងគម្រោងអំពីបច្ចេកទេសត្រួតពិនិត្យ។ រដ្ឋបាលនីមួយៗត្រូវរក្សាទុករូបថតសកម្មភាពអនុវត្តគម្រោងតាមដំណាក់កាលនីមួយៗ ដើម្បីទុកជាឯកសារយោង។

ចំពោះគ្រប់សំណើដេញថ្លៃនៃគម្រោងមូលនិធិឃុំ សង្កាត់ ដែលមានការដាក់តម្លៃឯកតា ប្រសិនបើលទ្ធផលគម្រោងមានតម្លៃថ្លៃជាងតម្លៃប៉ាន់ស្មាន គឺ «មិនអនុញ្ញាតឱ្យបន្ថែមលទ្ធផលគម្រោងជាដាច់ខាត»

ជុំវិញឯកសារលទ្ធកម្មគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរក្សាទុកដាក់ឱ្យបានគត់មត់ សម្រាប់ជាគោលដៅនៃការត្រួតពិនិត្យតាមការកំណត់របស់ច្បាប់ ដោយ «ហាមដាច់ខាតមិនត្រូវបញ្ចេញឱ្យអ្នកដែលគ្មានសមត្ថកិច្ចទាមទារពិនិត្យមើលស្រេចតែចិត្តនោះឡើយ»