ភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន២៤រូប នៅខេត្តកំពង់ស្ពឺ សម្រេចរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
17-08-2026 17:01
(កំពង់ស្ពឺ)៖ ភ្នាក់ងារសង្កេតការណ៍ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន ២៤រូប ក្នុងឃុំមាជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានសម្រេចចិត្តលាឈប់ពីគណបក្សរបស់ខ្លួន ហើយស្ម័គ្រចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្រោមការទទួលស្វាគមន៍ពីលោក ទី ប៊ុនថេង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលនៃក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្តាល។
សកម្មជនទាំង ២៤រូប បានអះអាងថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារពួកគាត់លែងមានជំនឿលើក្រុមទណ្ឌិតក្បត់ជាតិ ដែលមានគំនិតចង់បំបែកបំបាក់សាមគ្គីភាពជាតិ និងបំផ្លាញសុខសន្តិភាព។ ផ្ទុយទៅវិញ ពួកគាត់បានមើលឃើញយ៉ាងច្បាស់ពីការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសុខសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិ។
លោក ទី ប៊ុនថេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តរបស់បងប្អូនទាំងអស់ ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបើកទូលាយសម្រាប់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ។ លោកបានបន្ថែមថា ការចូលរួមនេះ គឺជាភស្តុតាងមួយទៀតដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តទទួលបានការគាំទ្រ និងស្រឡាញ់ពីប្រជាពលរដ្ឋ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងសមិទ្ធផលជាច្រើនដែលបានកសាងឡើងដើម្បីជាតិមាតុភូមិ។ គណបក្សប្រជាជនកម្ពុជា នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ៕




