ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ២០២៦-២០៣០
17-08-2026 16:58
(ភ្នំពេញ)៖ ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ២០២៦-២០៣០ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ផែនការនេះមានចក្ខុវិស័យប្រែក្លាយរាជធានីភ្នំពេញទៅជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាព សុវត្ថិភាព ភាពកក់ក្តៅ ស្អាត បៃតង និងភាពទាក់ទាញកម្រិតអន្តរជាតិនៅឆ្នាំ២០៣០។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា រាជធានីភ្នំពេញបាននិងកំពុងកែច្នៃតំបន់ទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្ដែង ផ្លូវថ្មើរជើងចតុមុខ (Walk Street) ត្រូវបានបង្កើតឡើង និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ។
ជាមួយគ្នានេះ ការកែលម្អច្រាំងទន្លេមុខព្រះបរមរាជវាំង និងការបង្កើតសួនលំហែថ្មីចំនួនពីរ ដែលមួយមានផ្ទៃដី ៧៥ហិកតា និងមួយទៀតជាង ៣ហិកតា កំពុងដំណើរការយ៉ាងសកម្ម។ រដ្ឋបាលរាជធានីក៏កំពុងសិក្សាផ្លូវអាទិភាព សម្រាប់រថយន្តក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងជំរុញវិស័យទេសចរណ៍។ លោកអភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យ និងបរិស្ថានល្អក្នុងរាជធានី។
លោក ហួត ហាក់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ដែលបានបង្កើតផលិតផលទេសចរណ៍ថ្មីៗដូចជាផ្លូវថ្មើរជើងចតុមុខ ដែលបានផ្តល់ឱកាសអាជីវកម្ម និងការកម្សាន្តយ៉ាងច្រើនដល់ប្រជាពលរដ្ឋ។
លោកបានសង្កត់ធ្ងន់ថា ការពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងវិស័យទេសចរណ៍ គឺជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រោះរាជធានីភ្នំពេញជាច្រកទ្វារទេសចរណ៍ដ៏ធំមួយមុននឹងភ្ញៀវបន្តទៅកាន់ ខេត្តផ្សេងៗទៀត។ ផែនការនេះនឹងធ្វើឱ្យរាជធានីភ្នំពេញមានឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

































