ព្រះសង្ឃខ្មែរនៅកូរ៉េខាងត្បូង ប្រារព្ធពិធីធម្មទានអប់រំចិត្ត និងបុណ្យផ្កាសាមគ្គី នៅវត្តខ្មែរគូមី តំបន់គូមី
17-08-2026 16:51
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម វេទិកាធម្មទានអប់រំចិត្ត និងអបអរសាទរខួបគម្រប់៥ឆ្នាំ របស់សមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី និងបុណ្យផ្កាប្រាក់សាមគ្គី ដែលប្រារព្ធធ្វើឡើងនៅវត្តខ្មែរគូមី តំបន់គូមី ខេត្ត Gyeongsangbuk-do សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណ ពៅ សុភ័ក្រ និងលោក ភេ សេងឃាង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តួចផ្តើម និងរៀបចំកម្មវិធីធម្មទាននេះឡើង ព្រមទាំងព្រះតេជគុណ រិន សារ៉ូ ព្រះតេជគុណ សុំ សុខា និងព្រះតេជគុណ ហាក់ សៀងហៃ ដែលបានផ្តល់ពុទ្ធឱវាទ និងសម្តែងព្រះធម្មទេសនា ជូនដល់សហគមន៍ខ្មែរ និងពុទ្ធបរិស័ទខ្មែរនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកអប់រំផ្លូវចិត្ត លើកកម្ពស់សីលធម៌ និងផ្សព្វផ្សាយព្រះធម៌ ឱ្យកាន់តែទូលំទូលាយក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។
បន្ថែមពីនេះ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា វេទិកាធម្មទានអប់រំចិត្ត គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃសន្តិភាពផ្លូវចិត្ត សីលធម៌ សាមគ្គីភាព និងការរួមរស់ប្រកបដោយការគោរព និងយោគយល់គ្នា។ ការផ្តល់ពុទ្ធឱវាទ និងព្រះធម្មទេសនា ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្តុះស្មារតីល្អ ប្រកបដោយមេត្តា ករុណា និងការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ។
ជាមួយគ្នានេះ ពិធីអបអរសាទរខួបគម្រប់៥ឆ្នាំនៃសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី និងបុណ្យផ្កាប្រាក់សាមគ្គី ក៏ជាឱកាសដ៏មានអត្ថន័យសម្រាប់បង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម ការចែករំលែក និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ។ ស្មារតីសាមគ្គីភាព និងការរួមចំណែករបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ គឺជាកម្លាំងដ៏សំខាន់ក្នុងការពង្រឹងភាពរឹងមាំរបស់សហគមន៍ ថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងចូលរួមលើកកម្ពស់កិត្យានុភាព និងមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕










