FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

SDF ឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Brandon Hall Group របស់សហរដ្ឋអាមេរិក

17-08-2026 16:38

(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់អន្តរជាតិចំនួន ៣ ក្នុងកម្មវិធី 2026 Brandon Hall Group HCM Excellence Awards។

ការទទួលបានពានរង្វាន់នេះ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត៖

1- ពានរង្វាន់មាស៖ សមិទ្ធផលឆ្នើមនៃកម្មវិធីសិក្សា (Best Results of a Learning Program)
2- ពានរង្វាន់ប្រាក់៖ កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត (Best Program for Upskilling Employees)
3- ពានរង្វាន់សំរឹទ្ធ៖ ការរៀបចំផែនការ និងការគ្រប់គ្រងកម្លាំងពលកម្ម (Best Workforce Planning and Management)

សមិទ្ធផលកម្រិតអន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសកម្មរួមគ្នារវាង SDF និងដៃគូពាក់ព័ន្ធទាំងអស់ រួមមាន សមាគម រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង និងរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ថ្នាក់ដឹកនាំ SDF នឹងអញ្ជើញទៅទទួលពានរង្វាន់កិត្តិយសនេះដោយផ្ទាល់នៅសហរដ្ឋអាមេរិក នាខែមករា ឆ្នាំ២០២៧ ខាងមុខ។

គួរជ្រាបថា ពានរង្វាន់ HCM Excellence Awards រៀបចំឡើងដោយ Brandon Hall Group ដែលជាស្ថាប័ន ស្រាវជ្រាវ និងប្រឹក្សាយោបល់ធនធានមនុស្សលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក មានបទពិសោធជាង ៣០ ឆ្នាំ និងទទួលបានទំនុកចិត្តពីស្ថាប័នជាង ១០ ០០០ នៅជុំវិញពិភពលោក។ ដើម្បីទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ស្ថាប័ននីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត ដោយផ្អែកលើផលជះជាក់ស្តែងដែលអាចវាស់វែងបាន នវានុវត្តន៍ និងសមត្ថភាពនៃការអនុវត្តជាក់ស្តែង៕

តំណងភ្ជាប់៖ https://excellenceawards.brandonhall.com/winners-2/