ក្រសួងចំនួន៣ ហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ
17-08-2026 16:22
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។
សេចក្តីណែនាំអន្តរក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាដូចនេះថា ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យឃើញថា កន្លងមកក្រសួងព័ត៌មាន ធ្លាប់បានផ្តល់នូវសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដោយផ្តោតការផលិត និងការចែកចាយប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាបាននូវសណ្តាប់ ធ្នាប់សង្គម។
ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកផលិតមាតិកាមួយចំនួនបានបំពានសេចក្តីណែនាំ ក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ឬខ្វះការពិចារណាក្នុងការថែរក្សាវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ និងជា ពិសេសការលើកតម្កើងសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រី ដោយបានផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវមាតិកាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ អសីលធម៌ និងប្រើប្រាស់រូបរាងកាយស្ត្រីបង្ហាញរូបភាព អនាចារនិងស្រើបស្រាល ដើម្បីតែស្វែងរកការចាប់អារម្មណ៍និងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រើឱ្យ ការលក់ផលិតផលរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងសីលធម៌សង្គម ជាតិខ្មែរ។
ការផលិត ចែកចាយ និងផ្សព្វផ្សាយបន្តនូវមាតិកាទាំងនេះ បណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដ៏ផូរផង់នៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរបានខិតខំថែរក្សា និងលើកតម្កើងតាំងពីយូរលង់ណាស់មកហើយ។ ការចម្លងគម្រូវប្បធម៌បរទេសតាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងជា ការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា ដែលអាចនាំដល់ការធ្លាក់ចុះនៃសីលធម៌ នឹងការយល់ដឹងអំពី អត្តសញ្ញាណជាតិខ្មែរ ក្នុងចំណោមយុវជននិងយុវតីជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ ទំនាក់ទំនងសង្គម៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖






