FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពហុកីឡដ្ឋានខេត្តស្វាយរៀង ចាប់ផ្តើមសាងសង់

17-08-2026 16:14

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ពិធីក្រុងពាលីសុំសេចក្តីសុខសាងសង់ពហុកីឡដ្ឋានខេត្តស្វាយរៀងថ្មីបន្ថែម បានប្រព្រឹត្តទៅយ៉ាងអធិកអធម ស្ថិតក្នុងភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង តំណាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសសាងសង់ជាច្រើនរូបទៀត។ វត្តមានរបស់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍវិស័យកីឡានៅក្នុងខេត្ត។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ បានសម្តែងនូវសេចក្តីគោរព និងបួងសួងសុំសេចក្តីសុខសប្បាយ ព្រមទាំងភាពជោគជ័យសម្រាប់គម្រោងសាងសង់ទាំងមូល ដើម្បីឱ្យការងារដំណើរការទៅដោយរលូន និងសម្រេចបានតាមផែនការ។

លោក វ៉ាត់ ចំរើន និងអភិបាលខេត្ត បានអញ្ជើញបុកគ្រឹះជាផ្លូវការ និងស្រោចទឹកជ័យមង្គល ដើម្បីប្រកាសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានខេត្តស្វាយរៀង ចាប់ពីពេលនេះតទៅ។

ការសាងសង់ពហុកីឡដ្ឋានថ្មីនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតហើយសម្រាប់ខេត្តស្វាយរៀង ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន។
ទីលាននេះមិនត្រឹមតែសម្រាប់បម្រើដល់ការហ្វឹកហាត់ និងការប្រកួតកីឡាផ្សេងៗទាំងក្នុងកម្រិតខេត្ត និងជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋចូលមកហាត់ប្រាណដើម្បីសុខភាព និងជាកន្លែងកម្សាន្តផងដែរ។ យោងតាមគម្រោងបច្ចេកទេស ពហុកីឡដ្ឋាននេះនឹងត្រូវបានសាងសង់ឡើងដោយអនុលោមតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាព សម្រេចបានតាមផែនការដែលបានកំណត់ទុក៕