សមាសភាពអនុសាខាសមាគមនារីស្រុកឆែប ត្រូវបានកែសម្រួល និងបំពេញបន្ថែម ដើម្បីពង្រឹងការងារ និងលើកកម្ពស់សិទ្ធិស្ត្រី
17-08-2026 16:09
(ព្រះវិហារ)៖ រដ្ឋបាលស្រុកឆែប នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់ កែសម្រួល និងបំពេញបន្ថែមសមាសភាពអនុសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកឆែប ក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប លោកស្រីជាប្រធាន-អនុប្រធានការិយាល័យ អាជ្ញាធរឃុំ និងសមាជិក សមាជិកាជាច្រើនរូប។
លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា កម្មវិធីនេះមានគោលបំណងពង្រឹងសមាសភាពក្បាលម៉ាស៊ីនដឹកនាំរបស់អនុសាខា ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ និងផ្ដល់ឱកាសឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការងារសង្គម ការអភិវឌ្ឍមូលដ្ឋាន និងការសម្រេចចិត្តនៅគ្រប់កម្រិត។
លោកស្រីថ្លែងទៀតថា តាមរយៈការរៀបចំ និងបំពេញបន្ថែមសមាសភាពថ្មី អនុសាខាសមាគមនារីស្រុកឆែប បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដោយផ្ដោតលើការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជំរុញសមាជិកាដែលទទួលបានការតែងតាំងថ្មី ឱ្យបង្កើនសកម្មភាពចុះមូលដ្ឋាន ស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ និងឆ្លើយតបឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកស្រី ប៉ាង រ៉ាវី បានថ្លែងជំរុញអនុសាខាបន្តចូលរួមលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍនៅក្នុងសហគមន៍ តាមរយៈការចូលរួមប្រឆាំងអំពើហិង្សា ការលើកកម្ពស់បរិយាកាសគ្រួសារប្រកបដោយសុវត្ថិភាព និងការចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ ក៏នឹងផ្ដោតលើការពង្រឹងសមត្ថភាពស្ត្រី និងលើកទឹកចិត្តឱ្យស្ត្រីចូលរួមកាន់តែច្រើនក្នុងសកម្មភាពសង្គម ការងារអភិវឌ្ឍន៍ និងការធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន។
ក្នុងនាមរដ្ឋបាលស្រុកឆែប លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានសម្ដែងការជឿជាក់ថា សមាសភាពដែលទទួលបានការទទួលស្គាល់ និងទុកចិត្តថ្មី នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ សាមគ្គីភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់តួនាទីរបស់ស្ត្រី និងជំរុញការអភិវឌ្ឍស្រុកឆែបឱ្យកាន់តែមានការរីកចម្រើន។
លោកថា ការពង្រឹងសមាសភាពអនុសាខាសមាគមនារីនាពេលនេះ ត្រូវបានចាត់ទុកថាជាជំហានមួយបន្ថែមទៀត ក្នុងការបង្កើនកម្លាំងស្ត្រីនៅមូលដ្ឋាន និងបើកឱកាសឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការងារសង្គម និងការអភិវឌ្ឍសហគមន៍៕
























