FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាល ណែនាំគ្រូពេទ្យតាមមណ្ឌលសុខភាព ឱ្យបង្កើនការការពារ និងបង្ការឱ្យបានខ្លាំងក្លាបំផុត ខណៈជំងឺគ្រុនឈាមកំពុងហក់ឡើងខ្ពស់នៅទូទាំងខេត្តកំពង់ស្ពឺ

17-08-2026 16:04

(កំពង់ស្ពឺ)៖ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យបង្ការករណីជំងឺគ្រុនឈាម ដែលកំពុងហក់ឡើងខ្ពស់នៅពាក់កណ្តាលខែសីហានេះ។ ករណីនេះទាមទារឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់បង្កើនការការពារ និងបង្ការឱ្យបានខ្លាំងក្លាបំផុត ពិសេសបងប្អូនដែលរស់នៅតាមតំបន់ប្រឈម។

ការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហុក គ្រី ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្នុងពេលចុះជួបអ្នកជំងឺគ្រុនឈាម ដែលមានចំនួនសរុប ៣.៣៧២ករណី ក្នុងនោះស្រីមានចំនួន១.៦០៨ករណី។ ចំនួននេះបានកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានចំនួន១.៨៦២ករណី។

លោកវេជ្ជបណ្ឌិតបានលើកឡើងបន្ថែមថា ក្នុងចំណោមអ្នកជំងឺដែលបានមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មានជាង៦០ភាគរយ (៦០.៤%) នៃអ្នកជំងឺសរុប គឺជាកុមារដែលមានអាយុចន្លោះពី៥-១៤ឆ្នាំ។ ហើយជាក់ស្តែង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ គឺមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤១៧នាក់ (ស្រី ១៩៩នាក់) ក្នុងនោះរួមមាន ក្មេង ៣០៧នាក់ (ស្រី ១៤៧នាក់) និងមនុស្សធំ ១១០នាក់ (ស្រីចំនួន ៥២នាក់)។ អ្នកជំងឺទាំងនេះបច្ចុប្បន្នបានសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ស្ពឺចំនួន២៤៩នាក់ មន្ទីរពេទ្យបង្អែកគងពិសីចំនួន៣៩នាក់ មន្ទីរពេទ្យបង្អែកឧដុង្គ៦២នាក់ និងមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង៦៧នាក់។

ប្រធានមន្ទីរសុខាភិបាលដដែល បានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនឹងសន្ទុះនៃជំងឺគ្រុនឈាមសម្រាប់ឆ្នាំ២០២៦នេះ មន្ទីរសុខាភិបាលបានបញ្ជូនក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ឱ្យចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពតាមរយៈការសិក្សាបែបអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញជាបន្តបន្ទាប់។

ជាមួយគ្នានេះ ក៏បានធ្វើការអប់រំសុខភាពនៅក្នុងសហគមន៍ ដូចជាការបិទសារអប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាមនៅតាមទីសាធារណៈ សាលារៀន និងតាមរយៈមេក្រូចល័តតាមរថយន្ត ម៉ូតូ នៅសហគមន៍ដែលកំពុងប្រឈមនឹងជំងឺគ្រុនឈាម។ បន្ថែមពីនេះ ក៏មានការបាញ់ថ្នាំសម្លាប់មូសនៅតំបន់ប្រឈមខ្ពស់ និងចុះដាក់ថ្នាំអាបែតនៅតាមសហគមន៍ប្រឈមស្របតាមគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយនូវបន្ទុកជំងឺគ្រុនឈាម៕