៦ខែ ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ជនល្មើស៦៥០នាក់ និងថ្នាំញៀនមួយចំនួនធំ (Video inside)
17-08-2026 15:16
(ព្រះសីហនុ)៖ រយៈពេល៦ខែ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ និងបំបែកបទល្មើសគ្រឿងញៀន ដោយបានឃាត់ខ្លួនជនល្មើសរហូតដល់ ៦៥០នាក់ ព្រមទាំង ដកហូតគ្រឿងញៀនមួយចំនួនធំ ដែលនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្លាំងអាវុធហត្ថ ដើម្បីកម្ចាត់បទល្មើសគ្រឿងញៀនដែលបំផ្លាញសង្គមជាតិរបស់យើង។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា រយៈពេល ឆមាស១ ឆ្នាំ២០២៦ ល្មើសគ្រឿងញៀនចំនួន ៩៨លើក ត្រូវបានបង្ក្រាបដោយឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៦៥០នាក់ (ស្រី ៩៥នាក់) និងដកហូតសារធាតុញៀនជាង ១០០គីឡូក្រាម។
សម្រាប់ជនល្មើសទាំង ៦៥០នាក់ រួមមាន៖ ជនជាតិខ្មែរ ចំនួន ៥៣៣នាក់ (ស្រី ៧១នាក), ជនជាតិចិនំ ចំនួន ៩០នាក់ (ស្រី ០៧នាក់), ជនជាតិវៀតណាម ចំនួន ១៨នាក់ (ស្រី ១៤នាក់), ស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់, ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់, ជនជាតិឥណ្ឌាចំនួន ០៣នាក់, ជនជាតិនេប៉ាល់ម្នាក់, ជនជាតិបារាំងម្នាក់ និងស្រ្តីជនជាតិមីយ៉ាន់ម៉ា២នាក់។
របាយការណ៍បានបញ្ជាក់ថា សម្រាប់ជនសង្ស័យទាំងនេះ មួយចំនួនធំត្រូវបានបញ្ជូនទៅកាន់តុលាការ បន្តនីតិវិធី, ខ្លះបញ្ជូនទៅអប់រំនៅមណ្ឌលកែប្រែ, ខ្លះបញ្ជូនទៅអប់រំនៅផ្ទះ និងខ្លះទៀត ត្រូវបានបញ្ជូនទៅការិយាល័យ ត្រៀមបណ្តេញចេញ។
បើតាមរបាយការណ៍ដដែល, ក្រៅពីសារធាតុញៀនជាងចំនួន១០៩គីឡូ កម្លាំងអាវុធហត្ថបានដកហូតអាវុធខ្លី ៣ដើម អាវុធវែង១ដើម និងគ្រាប់បែកចំនួន ២គ្រាប់ផងដែរ៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/294506








































































