អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ឆ្នាំង បន្តចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញការកសាងសង្គមឌីជីថលនៅកម្ពុជា
17-08-2026 14:11
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសណ្ឋាគារ សុវណ្ណភូមិ ក្រុងកំពង់ឆ្នាំង អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការ សង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដោយសហការរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។
ថ្លែងក្នុងពិធីបើកអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ បានកោតសរសើរចំពោះកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ឆ្នាំង ដែលបានរួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះអង្គការសង្គមស៊ីវិលដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានជួយផ្សព្វផ្សាយជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនថ្នាក់បច្ចេកទេសនិងវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដើម្បីទទួលបានឱកាសការងារកាន់តែល្អប្រសើរនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ។
ជាមួយគ្នានេះដែរលោក ជា សុខរិទ្ធិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន។
លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់បន្តសហការឱ្យកាន់តែជិតស្និទ្ធដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបន្តពង្រឹងភាពជាដៃគូល្អក្នុងការគាំទ្រអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថិរភាពរឹងមាំ ការគោរពសិទ្ធិសេរីភាពស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ក៏ដូចជាជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់មូលដ្ឋាន។
អង្គវេទិកាក៏បានបើកទូលាយឱ្យតំណាងអង្គការសង្គមស៊ីវិលលើកយកនូវបញ្ហាប្រឈមនិងសំណូមពរ មកជជែកពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនិងពង្រឹងកិច្ចសហការល្អជាមួយគ្នា។ ជាលទ្ធផល បញ្ហាប្រឈមនិងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងក្នុងកិច្ចពិភាក្សាដោយផ្ទាល់ និងទទួលបានការសាទរពីអង្គវេទិកាទាំងមូល។
ក្នុងវេទិកាសន្ទនានាព្រឹកនេះផងដែរ លោក ហ៊ាង សុបញ្ញា អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ក្រោមការសម្របសម្រួលពី វ.ស.ស. ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនិងការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕

























