FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣

17-08-2026 13:50

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេស តំណាងដៃគូអភិវឌ្ឍន៍ តំណាងអ្នកទទួលការ ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៅក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ៣៧៤នាក់។

ជាកិច្ចចាប់ផ្ដើម លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានអញ្ជើញធ្វើរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ជូនអំពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ តាំងពីដំណាក់កាលចាប់ផ្ដើម រហូតសម្រេចជោគជ័យ និងបានជម្រាបជូនអំពីគោលបំណងនៃការរៀបចំពិធី ប្រកាសនាពេលនេះ។

ជាមួយគ្នានោះដែរ លោក គង់ ភឿន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានធ្វើបទបង្ហាញដោយសង្ខេបអំពីផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ជូនដល់អង្គពិធី។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងមន្រ្តីរាជការទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ដែលជាកាយវិការបង្ហាញអំពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍ជនបទ ជាពិសេសការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល។ ផ្អែកតាមយុទ្ធសាស្ត្រទី១ នៃគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទ ប្រកបដោយគុណភាពនិងភាពធន់ តាមរយៈការលើកកម្រិតគុណភាពនិងការថែទាំផ្លូវជនបទ ឱ្យមាននិរន្តរភាព ដើម្បីតភ្ជាប់និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន និងទីក្រុង ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ឱ្យមានភាពរស់រវើកនិងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅតំបន់ជនបទ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មផងដែរ។

ទន្ទឹមនឹងនោះ ដើម្បីអនុវត្តកិច្ចការស្ថាបនាផ្លូវជនបទប្រកបដោយគុណភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដែលអាចប្រើប្រាស់បានគ្រប់រដូវកាល ក្រសួងក៏បានធ្វើការ កែទម្រង់ជាច្រើន ផ្អែកលើគោលការណ៍ចំនួន៤ គឺ៖ «គុណប្រយោជន៍, គុណភាព, សុវត្ថិភាព និងភាពសន្សំសំចៃ»។ ដោយឡែក ក្រសួងក៏បានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ក្រោមចក្ខុវិស័យ «កសាងបណ្តាញផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡាប្រកបដោយភាពធន់» ដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់ នាថ្ងៃនេះ។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ដ្រី បានអំពាវនាវដល់អង្គពិធីទាំងមូល និងគ្រប់ភាគីពាក់ព័ន្ធឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣នេះ ជាឯកសារគតិយុត្តក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រមទាំងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនទៀត ដើម្បីជំរុញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ប្រកបដោយប្រសិទ្ធភាព គុណភាព និងមានភាពធន់។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានអញ្ជើញផ្ដល់កិត្តិយសប្រគល់នូវសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ជូនដល់តំណាងក្រសួង ស្ថាប័ន ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិ ដែលបានចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ៕