FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការវាយប្រហារមីស៊ីលរបស់អ៊ុយក្រែន សម្លាប់មនុស្ស៦នាក់ នៅតំបន់ Belgorod របស់រុស្ស៊ី (Video inside)

17-08-2026 13:19

(មូស្គូ)៖ អភិបាលស្ដីទីនៃតំបន់ Belgorod របស់ប្រទេសរុស្ស៉ី នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន បានសម្លាប់មនុស្ស៦នាក់ និងបណ្ដាលឲ្យ៤នាក់ផ្សេងទៀតរងរបួស។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ស្របពេលដែលការប្រយុទ្ធគ្នានៅតាមខ្សែបន្ទាត់សមរភូមិមុខ ស្ទើរតែនៅជាប់ទ្រឹងទាំងស្រុង ហើយកិច្ចប្រឹងប្រែងចរចាត្រូវបានផ្អាក គូបដិបក្ខសង្រ្គាមទាំងពីរ បានបង្កើនការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យចំនួនជនស៊ីវិលស្លាប់ កើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីប៉ុន្មានខែដំបូងនៃសង្គ្រាម កាលពីក្នុងឆ្នាំ២០២២។

លោក Alexander Shuvaev អភិបាលស្ដីទីនៃតំបន់ Belgorod ដែលនៅជាប់ព្រំប្រទល់អ៊ុយក្រែន បានអះអាងដូច្នេះថា «ពួកភេរវករអ៊ុយក្រែន បានវាយប្រហារភូមិ Koloskovo ស្រុក Valuysky ដោយមីស៊ីល»។ ភូមិ Koloskovo មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើការវាយប្រហារមីស៊ីលនិងដ្រូន ចូលជ្រៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក ដែលបានសម្លាប់មនុស្សសរុបទាំងសងខាង ១៩នាក់។

ទីក្រុងម៉ូស្គូបានប្រើមីស៊ីលនិងដ្រូនវាយប្រហារសឹងតែរាល់ថ្ងៃ នៅទូទាំងអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ មួយរយៈមកនេះ ទីក្រុងមូស្គូបានបង្កើនការវាយប្រហារដោយប្រើប្រាស់មីស៊ីលផ្លោងបាលិស្ទីគ ដែលពិបាកបាញ់ស្ទាក់ ពោលគឺឆ្លៀតឱកាសចំពេលដែលអ៊ុយក្រែនបាននិងកំពុងជួបប្រទះ កង្វះខាតប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ បានបង្វែរលំហូរនៃការផ្គត់ផ្គង់។

ក្នុងការវាយប្រហារសងសឹក អ៊ុយក្រែនផ្ទាល់បានកំណត់គោលដៅកាន់តែខ្លាំង ទៅលើឃ្លាំងរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៊ី ហៅថា Wildberries ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ដ្រូនរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារទាំងនេះ រួមជាមួយនឹងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង គឺមានគោលបំណងបំផ្លាញសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី។

គួរបញ្ជាក់ថា យោងតាមការគណនារបស់អង្គការសហប្រជាជាតិ (UN) កាលពីក្នុងខែកក្កដាតែមួយខែប៉ុណ្ណោះ មានជនស៊ីវិល ៤៣៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាចំនួនខ្ពស់បំផុតប្រចាំខែ គិតចាប់តាំងពីខែឧសភា ឆ្នា ២០២២។ រីឯអាជ្ញាធររុស្ស៊ី បានរាយការណ៍ថា ជនស៊ីវិល ៧៩នាក់ ត្រូវបានសម្លាប់នៅខាងខ្លួន កាលពីក្នុងខែកក្កដា ដែលជាការកើនឡើង ធៀបទៅនឹងខែមុននោះ៕